(ភ្នំពេញ)៖ មុននឹងបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣នៅកម្ពុជានោះ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នៅកម្ពុជា គឺតបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីអញ្ជើញទស្សនាសំណង់វិមានឈ្នះ-ឈ្នះ រួចហើយនោះនៅរសៀលថ្ងៃទី១៥ ខែឧសភា ដដែលលោក ខេ ភី សាម៉ា អូលី នឹងដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាទៅប្រទេសថៃផងដែរ។
គួរជម្រាបថា បន្ទាប់ពីចុះចតនៅលើទឹកដីកម្ពុជាភ្លាមៗ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ ព្រមទាំងបានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទស្សនាសារមន្ទីរជាតិ និងព្រះវិហារព្រះកែវមរតកតផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចលើកទី១នេះ ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា កម្ពុជា-នេប៉ាល់នឹងបើកស្ថានទូតនាពេលខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការសិក្សាបន្ថែមទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នប្រទេសទាំងពីរនៅមានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក សម៉ា អូលី ប្រមុខរដ្ឋាភិបាលនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ។ រួមមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់។ មួយទៀតគឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។
ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕