(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នមានចំនួនភ្ញៀវទេសចរ មកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់ ដោយនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ មានប្រមាណជា១.៨៨លាននាក់ កើនឡើង៩.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
សម្តេចតេជោបានបញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់នេះ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ ធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។
ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដោយមានការចូលរួមពីលោក ខេ ភី សាម៉ា អូលី (K. P. Shama Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជា បន្តកើនឡើងជាលំដាប់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេស សរុបប្រមាណជា ១.៨៨លាននាក់ មានការកើនឡើង ៩.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ [...] កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើន ឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ»។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើន សេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្ម កម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជាក់ស្តែងគោលនយោបាយនេះ បានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមានទី១៖ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, ទី២៖ សហគ្រាសធុនតូច និងមធ្យមក្នុងត្រប់វិស័យ, ទី៣៖ ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, ទី៤៖ ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើ ឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល និងទី៥៖ ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែ ច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគ បរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជាជា គោលដៅវិនិយោគ ដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក៏សូមលើកទឹកចិត្តដល់ អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ ជាប្រទេសគោលដៅរបស់ខ្លួន៕