(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញរួមជាអធិបតីជាមួយនាយករដ្ឋមន្ដ្រីនេប៉ាល់ ក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញនូវសក្ដានុពល៤ចំណុចសំខាន់ៗ ជូនដល់ធុរជន និងអ្នកវិនិយោគនេប៉ាល់ សម្រាប់ការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអំពីសក្ដានុពលនៃការវិនិយោគ និងឧត្តមភាពសំខាន់ៗចំនួន៤របស់កម្ពុជា រួមមាន៖
*ទី១៖ ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
*ទី២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
*ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
*ទី៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រ នៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោតនេប៉ាល់ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលសម្ដេច សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាង
ដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងនេប៉ាល់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៤មកម៉្លេះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩ ហើយទំនាក់ទំនងនេះ មានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។
គួរជម្រាបថា សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ ក៏មានចំនួនតិចតួចនៅឡើយ។ យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល៦ខែ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅនេប៉ាល់មានជាង១២ម៉ឺនលានដុល្លារ ហើយកម្ពុជានាំចូលពីនេប៉ាល់មកវិញ មានជាង៤ម៉ឺនលានដុល្លារ៕