(ភ្នំពេញ)៖​ សម្តេចតេជោ បានថ្លែងថា វេទិកានាធុរកិច្ចកម្ពុជា-នេប៉ាល់ ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗ នៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងថា កម្ពុជា និងនេប៉ាល់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៤ មកម៉្លេះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។

សម្តេចតេជោបន្តថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩ ហើយទំនាក់ទំនងនេះមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ សម្តេចបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅនេប៉ាល់ជាលើកទី១ ដែលដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍ តាមរយៈការចុះហត្ថលេខាលើឯកសារចំនួនបួន រួមមាន៖ ១) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, ២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការ, ៣) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់ទេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង ៤) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក សាម៉ា អូលី មកកម្ពុជា នាពេលនេះ បានបន្តពង្រឹងទំនាក់ទំនង
នៃប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

សម្តេចតេជោ បានថ្លែងថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។

សម្តេចតេជោ បានថ្លែងថា សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។

សម្តេចតេជោបន្តថា ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបាន
អនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន ១លានកន្លែង។

សម្តេចបានបញ្ជាក់ថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨លាននាក់ មាន
ការកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ (១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់,

(២) សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ, (៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមឲទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល, និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាមួយ ហៅថា «វេទិការាជរដ្ឋាភិបាលផ្នែកឯកជន» ដែលដឹកនាំដោយសម្តេចផ្ទាល់។

សម្តេចតេជោ បានថ្លែងថា យន្តការនេះផ្តល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

សម្តេចតេជោ បានលើកឡើងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចបានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលក្នុងឱកាសនោះ សម្តេចបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា, កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច, និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

សម្តេចតេជោ បានថ្លែងថា សម្តេចលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗចំនួន៤ រួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ទី២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
ទី៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។

សម្តេចតេជោ បានថ្លែងបញ្ជាក់ទៅកាន់នាយករដ្ឋមន្ត្រីនេប៉ាល់ថា បើគ្មានស្ថេរភាពនយោបាយ និងសន្តិភាពទេ កុំនិយាយទៅដល់ការវិនិយោគ និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរដល់ប្រទេសនេប៉ាល់ ដែលបានបិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវស្ថេរភាពនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវស្ថេរភាពនយោបាយ គឺជាបទពិសោធន៍មួយរបស់កម្ពុជាសម្រាប់ប្រទេសនេប៉ាល់។ សម្តេចតេជោ ក៏បានជូនពរឱ្យប្រទេសនេប៉ាល់បន្តជួបនូវសុខសន្តិភាព ស្ថេរភាពនាំមកនូវវឌ្ឍនភាពសម្រាប់ និងប្រជាជននេប៉ាល់បន្តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អ្នកវិនិយោតនេប៉ាល់ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕