(ភ្នំពេញ)៖ តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នាថ្មីៗនេះ បានលើកឡើងនូវសារមួយវាយប្រហារទៅលើក្រុមប្រឆាំង ដែលតែងតែយកបញ្ហា EBA និងសហភាពអឺរ៉ុប មកដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា។ តំណាងសហភាពអឺរ៉ុប បានចាត់ទុកថា អ្នកនយោបាយដែលយកស្បែក EBA/EU ជ្រកដណ្តប់នោះ គ្រាន់តែជាការលួងចិត្តខ្លួន និងលើកទឹកចិត្តក្រុមខ្លួន ដែលមិនបានផល និងគ្មានប្រសិទ្ធភាពប៉ុណ្ណោះ។
ការលើកឡើងរបស់តំណាង EU ប្រចាំនៅកម្ពុជា ត្រូវបានលាតត្រដាងដោយ លោក គង់ គាំ ប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ ដែលជាអតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតទីប្រឹក្សាជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
លោក គង់ គាំ បានដកស្រងសម្តី តំណាង EU ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ ក្នុងឱកាសទិវាអឺរ៉ុប កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖ «ទោះការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាមិនមានកម្រិតស្តង់ដារ ក៏បណ្តាប្រទេសទទួលយក និងបន្តទំនាក់ទំនងជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត សម្រាប់នីតិកាលទី៦នេះ»។
លោកបានបន្តថា «តំណាង EU យល់ថា៖ អ្នកដែលយកស្បែក EBA/EU ជ្រកដណ្តប់សម្រាប់ផលប្រយោជន៍នយោបាយខ្លួន (ទារនេះ…..ថានោះ…..) ហួសពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាការលួងចិត្តខ្លួន និងលើកទឹកចិត្តក្រុមខ្លួន ដែលមិនបានផល និងគ្មានប្រសិទ្ធភាពនោះទេ»។
ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (Everything But Arms) ត្រូវបានសហភាពអឺរ៉ុបផ្តល់ទៅប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រនានា ឱ្យនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបដោយគ្មានបង់ពន្ធ លើកលែងតែសព្វាវុធប៉ុណ្ណោះ។ ប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍ ក៏បានទទួលនូវប្រពន្ធអនុគ្រោះពន្ធនេះផងដែរ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានចាប់ផ្តើមនូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ នៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ប៉ុន្តែទោះជាយ៉ាងនេះ ការអនុវត្តនូវការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងធ្វើឡើងនៅរយៈពេល១៨ខែក្រោយ បើសិនជាភាគីទាំងពីរមិនមានការចរចាណាមួយ ដែលនាំឱ្យមានការត្រូវរ៉ូវគ្នា។
បញ្ហានេះ ត្រូវបានក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ឃោសនាបំភ្លៃលើសពីការពិត ដោយថាអឺរ៉ុប បានផ្តាច់ប្រព័ន្ធនេះ ហើយថាបើគ្មានប្រព័ន្ធនេះទេ កម្ពុជានឹងមានហានិភ័យ ទោះបីជាក្រុមអ្នកជំនាញ និងបច្ចេកទេស អះអាងថា ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះ ក៏កម្ពុជាអាចរស់បាន ហើយថាប្រព័ន្ធ EBA ក៏នឹងបាត់បង់នៅប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីកម្ពុជាក្លាយជាប្រទេសដែលអភិវឌ្ឍផងដែរ។
លោក គង់ គាំ បានចំអកដល់ លោក សម រង្ស៉ី និងគណបក្សសង្រ្គោះជាតិ អំពីនយោបាយខុសផ្លូវរបស់ខ្លួន ដែលតែងរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជា។ លោកបាននិយាយថា « ទ្រឹស្តី “សម រង្ស៊ី - កឹម សុខា” ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែងតាមផ្លូវរូបកាយ និងចេតនារម្មណ៍របស់បុគ្គលទាំងពីរទេ។ ប៉ុន្តែទ្រឹស្តីនេះវាចងភ្ជាប់ជានិច្ច ហេតុ និងផលពីអតីត និងអនាគតថាមេដឹកនាំទាំងពីរពិតជាបានផ្តើម និងប្រើប្រាស់យុទ្ធសាស្ត្រប្រើកម្លាំងប្រជាពលរដ្ឋក្រៅការបោះឆ្នោតដើម្បីផ្តួលរំលំផ្លាស់ប្តូររាជរដ្ឋាភិបាលកន្លងមក (ឆ្នាំ២០១៣) ដែលតម្រូវឱ្យ ហ៊ុន សែន ចុះចេញ និងតរហូតឆ្នាំ២០១៩ មានការអំពាវនាវ/មានផែនការ (ពីក្រៅ និងក្នុងប្រទេស) ឱ្យងើបចាប់ ហ៊ុន សែន (ឈូស-ឆា)អ្វីៗទាំងអស់នៅកម្ពុជាដែលក្រុមគេថាសុទ្ធតែក្លែងក្លាយ»។
លោក គង់ គាំ បា នសម្តែងការសោកស្តាយបំផុត ដែល លោកស្រី រ៉ូណា ស្មីត រួមទាំង មជ្ឈដ្ឋានអន្តរជាតិខ្លះនៃ(EUអំពីEBA) និង(USA អំពី GSP) បានមើលស្រាល(តុលាការកម្ពុជា) និងថ្កោលទោសចំពោះវិធានការរបស់រាជរដ្ឋាភិបាលចំពោះអំពើជួបជុំ ដើម្បីបង្កហេតុឆ្ពោះទៅការប្រឈមដោយហិង្សា និងភាពចលាចលឈានដល់បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបច្ចុប្បន្ន និងចំពោះមុខឱ្យវិនាសអន្តរាយជាក់ជាមិខាននៅពេលខាងមុខ។
លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ទទួលសិទ្ធិធ្វើនយោបាយ និងរួមគ្នាកសាងអំណាចដឹកនាំប្រទេសតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋទាំងអស់គ្នា គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលមជ្ឈដ្ឋានទាំងអស់ចង់បាន។ យើងជឿថាប្រជាពលរដ្ឋខ្មែរ ទោះកំពុងរងទុក្ខលំបាកខ្លះក៏ដោយ ក៏មិនចង់ជួបភាពវឹកវរ ចលាចល និងសោកនាដកម្មតូចធំណាឡើយ ហើយចំពោះអ្នកមានអំណាច មានទ្រព្យ អ្នករស់នៅធម្មតាបានក៏គេមិនចង់ជួញទុក្ខជួញទោស តាមអ្នកនយោបាយមួយក្រុមដែលទាល់ច្រកនោះឡើយ»៕