(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) បានអញ្ជើញជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។
លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៣៖០០នាទីនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីចុះចតនៅលើទឹកកម្ពុជាភ្លាមៗ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋហើយនោះ នាយករដ្ឋមន្ត្រីនេប៉ាល់ ព្រមទាំងបានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន និងធ្វើពិធីបដិសណ្ឋារកិច្ចទទួលជាផ្លូវការចំពោះដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗមួយចំនួនហើយនោះ នៅពេលល្ងាច សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីលាងសាយភោជន៍ជូន លោកនាយករដ្ឋមន្ត្រីនេប៉ាល់ និងគណៈប្រតិភូផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។
ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕