(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនកងកម្លាំងនគរបាល ដែលបំពេញបេសកកម្ម និងផ្លាស់ប្តូរវេនប្រចាំការ ២៤ ម៉ោងលើ២៤ម៉ោងនៅក្នុងភូមិសាស្ត្រឃុំ ដូងស្រុក ប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ដើម្បីរង់ចាំអនុវត្តន៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងកិច្ចអន្តរាគមន៍ ការពារ ថែរក្សា ផលប្រយោជន៍ ប្រជាពលរដ្ឋ និងសង្គមជាតិ។
ការធ្វើបែបនេះ គឺស្របតាមការយកចិត្តទុកដាក់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក សុខ លូ អភិបាលខេត្តកំពង់ធំ គ្រប់ពេលវេលា លោកតែងតែគិតគូរ អំពីសុខទុក្ខ របស់មន្ត្រីនគរបាលជាតិ គ្រប់មូលដ្ឋានឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ បានតែងតែចាត់ទុកភាពសុខទុក្ខ របស់កងកងកម្លាំង និងប្រជាពលរដ្ឋ ជាសុខទុក្ខផ្ទាល់ខ្លួនរបស់លោកដែរ ដោយលោកតែងមានប្រសាសន៍ ថាមន្ត្រីនគរបាល ជាកូនចៅរបស់ប្រជារាស្រ្ត ប្រសូតចេញពីប្រជារាស្ត្រ កើតមកដើម្បីការពារប្រជារាស្ត្រ បំរើសេចក្តីសុខ និងជាខ្នងបង្អែកដ៍រឹងមាំរបស់ប្រជារាស្ត្រផងដែរ។
ជានិច្ចកាលបន្តបន្ទាប់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានឆ្លៀតឱកាសឆ្មក់ ចុះតាមមូលដ្ឋានចុងកាត់មាត់ញក ដោយចង់ដឹងឲ្យកាន់តែច្បាស់ ពីសកម្មភាពជាក់ស្ដែងរបស់កងកម្លាំង និងភាពសុខទុក្ខប្រជាពលរដ្ឋ។
ក្នុងកិច្ចសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លើកឡើងពីការថែទាំសុខភាព ជាការសំខាន់បំផុត ជាក់ស្តែងរយៈនេះអាកាសធាតុមានការប្រែប្រួល គ្រប់ពេលវេលាដោយបាតុភូតធម្មជាតិ ម្ដងក្ដៅ ម្ដងត្រជាក់ មានភ្លៀងធ្លាក់ពីតិចទៅច្រើន ងាយមានជំងឺបន្តិចបន្តួច ដូច្នេះហើយយើងត្រូវត្រៀមបម្រុង ចាំបាច់ថែរក្សាសុខភាពជាការសំខាន់ ដើម្បីជៀសផុតពីជំងឺបន្តិចបន្តួចនេះ ដែលអាចរំខានដល់ការបំពេញភារកិច្ចជាប្រចាំថ្ងៃ៕