(ភ្នំពេញ)៖ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ មេដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
តាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះបានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សានោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ នាយករដ្ឋមន្រ្តីនេប៉ាល់ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូង ក្នុងនាមនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ទស្សនកិច្ចនេះនឹងពន្លឿនមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យរបស់ប្រទេសទាំងពីរ។ សម្តេចកោតសរសើរការអភិវឌ្ឍ នៅប្រទេសនេប៉ាល់ ជាពិសេសក្រោយការបោះឆ្នោត ដែលធ្វើឱ្យប្រទេសមានសន្តិភាព និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
ចំណែកលោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ក៏បានថ្លែងអរគុណសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកលើកឡើងថា ប្រទេសទាំងពីរមានវប្បធម៌ អរិយធម៌យូរអង្វែងដូចគ្នា ដោយប្រទេសកម្ពុជា កាន់ព្រះពុទ្ធសាសនា ចំណែកនេប៉ាល់គឺជាប្រទេសដែលព្រះពុទ្ធចាប់កំណើត។ លោកអះអាងថា ទស្សនកិច្ចសម្តេចទៅនេប៉ាល់ កាលពីចុងឆ្នាំ២០១៨ ធ្វើឱ្យលោករីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ។
លោកបញ្ជាក់ថា ទស្សនកិច្ចនេះ គឺជាការបើកទំព័រថ្មី កម្ពុជា-នេប៉ាល់ ជាពិសេសជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់ចំណុចថ្មីមួយទៀត ដើម្បីពង្រីក និងពង្រឹងឱ្យកាន់តែរឹងមាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញអ្វីដែលបានព្រមព្រៀងគ្នានាពេលនេះ ឱ្យកាន់តែប្រសើរថែមទៀត។
សូមបញ្ជាក់ថា នៅក្រោយជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរនៅថ្ងៃនេះ កម្ពុជា-នេប៉ាល់ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក ខេ ភី សាម៉ា អូលី។
កិច្ចព្រមពៀងទាំងពីររបស់កម្ពុជា-នេប៉ាល់ រួមមាន៖
១៖ ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង វិនិយោគ ចុះហត្ថលេខាដោយ លោក ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខាទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង លោក ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថាលេខាដោយ លោក រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និង ឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ អំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសនេប៉ាល់ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន៤ផងដែរ ក្នុងនោះមានដូចជា៖ ១៖ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការ ២៖ កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ និង៤៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។
កម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នា នៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញ នៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)។
សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានចំនួនតិចតួចនៅឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល ៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅនេប៉ាល់មានជាង ១២ម៉ឺនដុល្លារ ហើយកម្ពុជា នាំចូលពីនេប៉ាល់មកវិញ មានជាង ៤ម៉ឺនដុល្លារ។ ទំនិញដែលដោះដូរជាមួយគ្នាភាគច្រើនជាសម្លៀកបំពាក់ និងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់៕