(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ដែលជាចោរឆ្លៀតឱកាសពួនស្ទាក់ប្លន់ប្រជាពលរដ្ឋនៅកន្លែងស្ងាត់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ជា ចាន់ចាំ អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពពួនស្ទាក់ និងយកដុំថ្មគប់ ទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅកន្លែងងងឺតស្ងាត់ចំណុចខាងលើ ដើម្បីប្លន់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃើញបានឃាត់ខ្លួនយកមក ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា រូបគេបានអង្គុយផឹកស្រានៅកន្លែងស្ងាត់ក្បែរផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងគោលបំណងចាំស្ទាក់ផ្លូវ និងគប់ដុំថ្មទៅលើប្រជាពលរដ្ឋឆ្លងកាត់នៅទីនោះ ដែលជាកន្លែងស្ងាត់ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ បន្ទាប់មកក៏មានក្មេងប្រុសម្នាក់ អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូម៉ាក ZoomerX ឆ្លងកាត់ទីស្ងាត់ដែលរូបគេកំពុងពួនស្ទាក់ ភ្លាមនោះរូបគេបានយកដុំថ្មដែលបានត្រៀមទុកស្រេច គប់ទៅលើក្មេងប្រុសនោះ តែមិនត្រូវ ស្របពេលនោះមានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ល្បាតឃើញ បានឃាត់ខ្លួនរូបគេតែម្តង៕