(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបើកសន្និបាតបូកសរុបការងាអាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាតក្រហមកម្ពុជា ជាមួយអ្នកចូលរួមចំនួន ១៥៥នាក់ទៀត នៅសាលាខេត្តព្រះសីហនុ។
អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៣រូប (ស្រ្តី ៣រូប) និងសមាសភាពបម្រុង ២រូប (ស្រ្តី ១រូប) ផងដែរ។
យោងតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសាខាអាណត្តិទី៥ បានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើសលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាប្រធាន លោក លូ គីមឈន់ អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាអនុប្រធាន លោក មាង ស៊ីណេត ជាអនុប្រធាន លោកស្រី គឹម ញ៉ ជាអនុប្រធាន លោកស្រី ប្រាក់ ច័ន្ទសុខា ជាហិរញ្ញិក និងលោក ណុប ហេង ជាលេខាធិការគណៈកម្មាធិការសាខា។ ចំណែកអ្នកឧកញ៉ា កុក អាន ជាប្រធានកិត្តិយស រួមទាំងអនុប្រធានកិត្តិយសចំនួន ២៨រូប (ស្រ្តី ២រូប)។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាតក្រហមកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ថវិការបស់កាកបាទក្រហម មានទម្រង់ច្បាស់លាស់តាមនីតិវិធី ប្រកបដោយតម្លាភាព។
លោកស្រីមានរំពឹងថាសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងខិតខំកៀរគររកមូលនិធិពីសប្បុរសជន ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហាជូនជនរងគ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលា។
ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ លោក យន្ត មីន បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា
១. ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
២. យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
៣. រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤. ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងខិតខំរកៀរគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
៥. យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
៦. យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕