(ពោធិ៍សាត់)៖ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសថ្នាក់ដឹកនាំខេត្តសូមជួយចាប់មគ្គផលបន្តឧបត្ថម្ភជាបច្ច័យ និងប្រេងសាំង ដើម្បីបញ្ចប់គម្រោងស្តារបឹងធម្មជាតិដែលជាអតីតស្ទឹងពោធិ៍សាត់ សម្រាប់រក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍រួមនៅថ្ងៃខាងមុខ។
លោកតា សៅ រ៉ន អាចារ្យវត្តបាកាន បានថ្លែងថា សព្វថ្ងៃបឹងធម្មជាតិដែលជាអតីតស្ទឹងពោធិ៍សាត់នេះ បច្ចុប្បន្នមានសភាពរីងស្ងួត ខ្វះខាតទឹកជាចំបាច់ និងអាចនិយាយបានថា ទំនាបបឹងនេះបានប្រែក្លាយជាស្រែជម្រៅហើយ។ ឃើញដូច្នេះ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងអាជ្ញាធរដែនដី បានឯកភាពស្តារបឹងធម្មជាតិនេះឡើង សម្រាប់ជាប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋប្រើប្រាស់។
លោកតាអាចារ្យវត្តបានបន្តថា វត្តបាកាន គឺជាវត្តចំណាស់ជាងវត្តទូទៅ ប្រជាពលរដ្ឋក្នុង និងក្រៅស្រុកក្តី តែងតែមានជំនឿជឿជាក់មកបំពេញបុណ្យកុសលរួមគ្នា ក្នុងទីវត្តបាកាននេះ។ ម្លោះហើយបានជាគណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃមានលទ្ធភាពដើម្បីរួមកសាងវត្តនេះឡើង ហើយការកសាង គឺអាស្រ័យលើពុទ្ធបរិស័ទ សប្បុរសជនទូទៅជាអ្នកឧបត្ថម្ភគាំទ្រ។
ព្រះតេជគុណ ឡាយ កន មានសង្ឃដីកាថា ដោយមើលឃើញជាក់ស្តែងពីសភាពរាំងស្ងួត ក្តៅហួតហែង មានការខ្វះខាតទឹកនៅទូទាំងប្រទេស ក៏ជានៅក្នុងខេត្តពោធិ៍សាត់ និយាយរួមនឹងនិយាយដោយឡែក ក្នុងស្រុកបាកានផ្ទាល់តែម្តង ព្រះអង្គ និងគណៈកម្មការអាចារ្យវត្ត បានពិគ្រោះយោបល់គ្នាថានឹងស្តារបឹងធម្មជាតិនេះឡើងវិញ ប្រវែង៨០x៥០០ម៉ែត្រ ដើម្បីរក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍រួម និងដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីបជាដើម ជាពិសេសបញ្ជៀសការកកស្ទះ នៅពេលមានពិធីបុណ្យប្រពៃណីជាតិក្នុងវត្តម្តងៗ ពីព្រោះមានកោះមួយ ដែលមានទំហំទៅដល់ ៧៨x៥០០ម៉ែត្រ។
ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាទៀតថា គម្រោងនេះចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មកដល់ពេលនេះ ដំណើរបាន៥០%ហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ ឆ្នាំនេះមានប្រជាពលរដ្ឋជាង ៣ម៉ឺន បានមកចូលរួមលេងកម្សាន្តក្នុងឱកាសពិធីស្រង់ព្រះ ឆ្លងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ហើយឆ្នាំក្រោយ នឹងកាន់តែច្រើនបន្ថែមទៀតនៅពេលគម្រោងស្តារស្ទឹងក្បែរវត្ត រួចរាល់ជាស្ថាបពរ។
ព្រះគ្រូចៅអធិការវត្តមានសង្ឃដីកាបន្ថែមថា បច្ច័យដែលបានមក ពេលមានពិធីបុណ្យក្នុងវត្តម្តងៗ បានចំណាយលើគ្រឿងចក្រស្ទើរតែទាំងស្រុង។ ដូច្នេះនៅខ្វះខាតបច្ច័យជាច្រើនទៀត សម្រាប់ចំណាយប្រេងសាំង ក្នុងការស្តារបឹងធម្មជាតិ ដែលជាអតីតស្ទឹងពោធិ៍សាត់នេះឡើងវិញ។
គួររំលឹកថា វត្តបាកានជាវត្តមួយដែលស្ថិតនៅប៉ែកបស្ចិមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល ១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភក់៕