(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុមកពីមានក្រុមហ៊ុន ម៉ៅការពង្រីកផ្លូវជាតិលេខ៣បានយកអេស្កាវ៉ាទ័រកាយដីប៉ះខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ផ្លូវជាតិលេខ3 ភូមិកប់គង សង្កាត់ចោមចៅ ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២)ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង៩៖០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕