(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលមកពិនិត្យនឹងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនរយៈពេល ៣ថ្ងៃកន្លងមកនេះផងដែរ។
នាឱកាសថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នោះដែរ លោក ផាន់ ចាន់ធុល បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលបានយកចិត្តទុក ដាក់ជួយដល់សុខមាលភាពប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅខេត្តប៉ៃលិន មានការខ្វះខាតនៅផ្នែកបច្ចេកទេស និងសម្ភារមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះ បានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិតផងដែរ។
លោកអភិបាលខេត្តបានបន្តថា «សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាល ភាពរបស់ប្រជាពលរដ្ឋ ដូច្នេះលោកក៏បានសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនបន្ថែមទៀត»។
សូមបញ្ជាក់ផងដែរថា រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០/១១/១២ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា បានពិនិត្យ និងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃបានចំនួន ២៥០នាក់ ដោយគោលដៅទី១៖ នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គោលដៅទី២៖ នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងគោលដៅទី៣៖ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន៕