(បន្ទាយមានជ័យ )៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទើបកាន់ដំណែងថ្មី នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពប្រព័ន្ធរំដោះទឹក ដែលតែងតែធ្វើឱ្យន់លិចខ្លាំងលើទ្រូងផ្លូវ នៅក្នុងចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះដែរ លោក អ៊ុ រាត្រី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ទីតាំងនេះតែងតែជន់លិចជាហូរហែរ ដែលជាបញ្ហាកង្វល់របស់ប្រជាជន ដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដូច្នេះការចុះពិនិត្យមើលស្ថានភាពប្រព័ន្ធរំដោះទឹកនេះ គឺជារឿងចាំបាច់បំផុតផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យឃើញតាមបច្ចេកទេសក្រុមការងារជំនាញនឹងធ្វើការស្តារ រៀបចំប្រពន្ធលូរំដោះទឹកថ្មី ឡើងវិញ ដែលមានប្រវែង៥១០ម៉ែត្រ ពីចំណុចចំណតរថយន្ត ទៅកាន់អាងចម្រោះទឹកហើយ នៅថ្ងៃស្អែករដ្ឋបាលខេត្តនឹងយកគ្រឿងចក្រ មកកាយសម្អាត ព្រមទាំងស្តារឡើងវិញផងដែរ៕