(កំពត)៖ ខណៈដែលបច្ចុប្បន្នវិស័យកសិកម្មនៅកម្ពុជា កំពុងតែរីកលូតលាស់ជាបន្ដបន្ទាប់, អភិបាលខេត្តកំពត លោក ជាវ តាយ បានអំពាវនាវដល់អ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក សូមឲ្យមានការចាប់អារម្មណ៍ និងវិនិយោគលើដំណាំធុរេន។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ជាវ តាយ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់ របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក នៅស្រុកឈូក ខេត្តកំពត នាពេលថ្មីៗនេះ។
លោក ជាវ តាយ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក សូមឲ្យមានការចាប់អារម្មណ៍ និងវិនិយោគលើដំណាំធុរេន ព្រោះជាដំណាំនិម្មិតរូបរបស់ខេត្តកំពត ដែលក្នុងពេលបច្ចុប្បន្ននេះ មានតែការដាំដុះ ជាលក្ខណៈគ្រួសារខ្នាតតូច មិនទាន់មានលក្ខណៈប្រមូលផ្ដុំ ឬចងក្រងជាសហគមនៅឡើយទេ»។
ក្នុងពិធីនោះ អភិបាលខេត្ដកំពត ក៏បានលើកឡើងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់ប្រទេសកម្ពុជា គឺពិតជាជម្រើសមួយដ៏ត្រឹមត្រូវ ប្រកបដោយទស្សនៈវិស័យសេដ្ឋកិច្ចវែងឆ្ងាយ សម្រាប់ភាពជោគជ័យនៃមុខរបរ។
លោក ជាវ តាយ បានបន្ថែមទៀតថា «ដូច្នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ឃើញថា ការវិនិយោគនេះ គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ឃុំ ស្រុក និងខេត្តកាត់បន្ថយការធ្វើចំណាកស្រុក រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងសូមផ្តល់តម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ»៕