(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនោះ នៅវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៣៖០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋហើយនោះ នាយករដ្ឋមន្ត្រីនេប៉ាល់ អញ្ជើញទៅកាន់វិមានសន្តិភាពទីដែល សម្តេចតេជោ ហ៊ុន សែន ធ្វើពិធីបដិសណ្ឋារកិច្ច និងទទួលជាផ្លូវការចំពោះដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗមួយចំនួនហើយនោះ នៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីលាងសាយភោជន៍ជូន លោកនាយករដ្ឋមន្ត្រីនេប៉ាល់ និងគណៈប្រតិភូផងដែរ។