(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាជាង៣០០នាក់ បានធ្វើដំណើរទៅកាន់ទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការងារមនុស្សធម៌ដូចសព្វដងដោយពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋ និងចែកជូនថ្នាំពេទ្យដោយមិនគិតថ្លៃ សម្រាប់ការងារមនុស្សធម៌នេះ ត្រូវបានប្រជាពលរដ្ឋជាង៥ពាន់នាក់ ក្នុងខេត្តត្បូងឃ្មុំនោះ មានការកោតស្ញប់ស្ញែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ហ៊ុន ម៉ានី។

ជាមួយនឹងការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានីខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាល បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមការងារមនុស្សធម៌មួយនេះ ដោយក្នុងនោះ បានធ្វើឲ្យពួកគាត់ចំណេញពេលវេលាច្រើន ក្នុងការពិនិត្យជាពិសេសក្រុមការងារ បានមកពិនិត្យដល់ជណ្តើរផ្ទះរបស់គាត់ និងថែមទាំងបានជួបវេជ្ជបណ្ឌិតជំនាញៗ ឯកទេសទៅតាមជំងឺផ្សេងៗគ្នាផងដែរ។ ម្យ៉ាងវិញទៀត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំណេញថវិកាច្រើន ដោយមិនចាំបង់ថ្លៃ ហើយថែមទាំងបានទទួលអំណោយជាថ្នាំពេទ្យទៀតផង។

ក្រោមការដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងដំណើរចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៥,៥៨១នាក់ (ប្រាំពាន់ប្រាំរយប៉ែតសិបមួយនាក់) នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហេង សំរិន ចក ភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ធ្វើឲ្យប្រជាពលរដ្ឋជាង៥ពាន់នាក់ បានសរសើរមិនដាច់ពីមាត់ ដោយមានក្រុមគ្រូពេទ្យជំនាញៗ និងជាពិសេស គឺមានវេជ្ជបណ្ឌិតជំនាញ ដែលបានសិក្សាមកពីក្រៅប្រទេសមកពិនិត្យជំងឺ ជូនពួកគាត់មិនខ្លាចពីភាពនឿយហត់ មិនតែប៉ុណ្ណោះពួកគាត់ថែមទាំងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន មកជួយបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ទាំងរាជធានី និងខេត្ត ក្រោមទិសដៅតែមួយគឺ «ខ្មែរស្រឡាញ់ខ្មែរ»។

លោក លេង ផាលី បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៧ឆ្នាំ (២០១២-២០១៩) គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៨១លើក ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់ ) បានពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន៤២៧,១៧២នាក់ (សិបពីរម៉ឺនប្រាំពីរពាន់មួយរយចិតសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន២៨៩,៩៥៣នាក់ (ម្ភៃប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំបួនរយហាសិបបីនាក់) ក្នុង១៩រាជធានី និងខេត្ត ។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ វិភាគឈាម និងបន្ទប់ពិសោធន៍...។ល។

ប្រជាពលរដ្ឋម្នាក់ក្នុងចំនោមជាង៥ពាន់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា រូបគាត់ពិតជាសប្បាយចិត្តពន់ពេក ដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជាអំណោយថ្នាំពេទ្យដោយមិនគិតថ្លៃទៀត នេះជារឿងដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់រួមទាំងរូបខ្ញុំផ្ទាល់ផងដែរ។

ប្រជាពលរដ្ឋម្នាក់នោះ ក៏បានបន្តទៀតថា «ខ្ញុំសូមសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដោយម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ រួមនឹងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយអាចឆាប់រកមុខជំងឺរបស់ខ្ញុំបានលឿនទៀតផង។ ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យទាំងអស់ឧស្សាហ៍ចុះមកបន្តិច ព្រោះការដែលគាត់ចុះមកនេះ គឺចំណេញខ្លាំងណាស់ដល់ពលរដ្ឋ និងខ្ញុំ ដោយមិនអស់លុយ និងចំណេញពេលវេលាថែមទៀត»

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២៦១នាក់, ជំងឺស្រ្តី២៧២នាក់, ជំងឺផ្លូវចិត្ត២០៩នាក់, ជំងឺឫសដូងបាត២៣៤នាក់, ជំងឺសន្លាក់ឆ្អឹង១១៣នាក់, ជំងឺរលាកសួត១៤៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៩៧នាក់, ជំងឺភ្នែក១២៤នាក់, ជំងឺសើរស្បែក៩៩នាក់, ជំងឺទឹកនោមផ្អែ១៩២នាក់, ជំងឺមាត់ធ្មេញ២៩៨នាក់, អេកូសាស្ត្រ១៩១នាក់, ព្យាបាលរបួសនិងវះកាត់តូច៩៣នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍១៨៧១ និងជំងឺទូទៅ២,៨៧០នាក់៕