(ភ្នំពេញ)៖ លោក ផុន ធារិន ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញលិខិតបកស្រាយ និងបំភ្លឺពាក់ព័ន្ធប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ បានទិញដីស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយអះអាងថា បានក្លាយជាជនរងគ្រោះ។
យោងតាមលិខិតបំភ្លឺដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ លោកមេធាវី ផុន ធារិន បានឆ្លើយតបទៅកាន់ប្រជាពលរដ្ឋទាំង៣៨គ្រួសារថា ក្រុមហ៊ុនមិនដែលបានចាត់តាំង ឬប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ ក្នុងការលក់ដីក្រុមហ៊ុនស្ថិតនៅភូមិទឹកល្អក់ ចំនួន១១០១ហិចតាឡើយ។
ជាមួយគ្នានេះ លោកមេធាវី ក៏បានអំពាវនាវទៅកាន់សាធារណជនទាំងឡាយ ដែលចង់ស្វែងយល់ ឬស្នើសុំការបញ្ជាក់ផ្សេងៗ ពីក្រុមហ៊ុនអាចទាក់ទងមកគ្រប់ពេលវេលា ឬតាមរយៈលោកមេធាវីផ្ទាល់តែម្ដង ដែលមានលេខទូរស័ព្ទ 017 77 97 88 និង 096 24 22222៕