(កែប)៖ ជាមនោសញ្ចេតនា និងជានិស្ស័យក្មួយៗកុមារកំព្រា នៅក្នុងមជ្ឈមណ្ឌល បុរីកុមារកំព្រា ខេត្តកែប ត្រូវបានយកចិត្តទុកដាក់ពីសំណាក់អភិបាលនៃគណៈអភិបាលខេត្តកែប ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមរាជសីហ៍ ព្រមទាំងសប្បុរសជននានា តាមរយៈការផ្ដល់ជូននូវសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកា នាចុងសប្តាហ៍នេះ។

លោក ស៊ូម សារឿន ប្រធានក្រុមសីហ៍ បានថ្លែងថា ថ្នាក់ដឹកនាំ និងក្រុមការងាររាជសីហ៍ទាំងអស់ ពិតជាមានសេចក្តីអាណិតអាសូរ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ក្មួយៗ និងមានសេចក្តីសោមនស្សរីករាយ ដែលចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចែកអំណោយដល់កុមារកំព្រា នៅក្នុងបុរីកុមារខេត្តកែប ដែលនេះ គឺជាសកម្មភាពមនុស្សធម៌សង្គមដ៏មានតម្លៃ។

លោកបានបន្តទៀតថា អំណោយនេះមានចំនួនតិចតួចក៏ពិតមែន ក៏ប៉ុន្តែបានស្ដែងចេញពីទឹកចិត្តសប្បុរសធម៌ ចូលរួមចំណែកទុក្ខលំបាក និងតម្រូវការរបស់ក្មួយៗពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងាររាជសីហ៍ ព្រមទាំងសប្បុរសជនផងដែរ។

លោកប្រធានក្រុមរាជសីហ៍ បានថ្លែងអំណរគុណចំពោះលោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ភូមិភាគ៥ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានណែនាំក្រុមរាជសីហ៍ ឲ្យស្គាល់ក្មួយៗកុមារកំព្រា និងសម្របសម្រួល ក្រុមការងាររាជសី បានចូលរួមការងារមនុស្សធម៌ដ៍មានតម្លៃនេះ។ លោក កែន សត្ថា បានថ្លែងថា នេះគឺជាមោទនភាព និងជានិស្ស័យមនោសញ្ចេតនា រវាងក្រុមរាជសីហ៍ និងក្មួយៗកុមារកំព្រានៅក្នុងបុរីកុមារខេត្តកែបនេះ។

លោកសូមថ្លែងអំណរគុណ និងមោទនភាពចំពោះសកម្មភាពមនុស្សធម៌ របស់ក្រុមការងាររាជសីហ៍ ដែលបានយកចិត្តទុកដាក់ចំពោះសុខមាលភាពកុមារ នៅក្នុងមណ្ឌលនេះ តាមរយៈការផ្ដល់នូវសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់ក្មួយនៅក្នុងមជ្ឈមណ្ឌលនេះ។ លោក កែន សត្ថា បានផ្ដល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្មួយៗកុមារកំព្រា ឲ្យខិតខំរៀនសូត្រ ដើម្បីអនាគតដ៏ប្រសើររបស់ក្មួយៗ។

លោក សាង វាសនា តំណាងក្មួយៗកុមារកំព្រា នៅក្នុងមជ្ឈមណ្ឌលនេះ បានបង្ហាញនូវចំណាប់អារម្មណ៍ និងរំលែកបទពិសោធន៍ការលំបាក កាលពីកុមារភាពដល់ក្មួយជំនាន់ក្រោយ និងឲ្យក្មួយៗខិតខំតស៊ូសិក្សារៀនសូត្រ ឲ្យទទួលបានជោគជ័យនៅក្នុងជីវិត។

តំណាងក្មួយកុមាកំព្រាៗរូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកព្រឹទ្ធសភាគណៈអភិបាលនៃគណបក្សខេត្ត ថ្នាក់ដឹកនាំក្រុមការងារក្រុមរាជសីហ៍ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ ចំពោះការស្នាក់នៅរៀនសូត្ររបស់ក្មួយៗកុមារ នៅក្នុងបុរីកុមារខេត្តកែបនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបង្កើតមណ្ឌលកុមារ រហូតដល់បច្ចុប្បន្ននេះ មានកុមារសរុបចំនួន២៨៣នាក់។ ក្រោយពីបញ្ចប់ការសិក្សាក្មួយៗ ត្រូវបានធ្វើសមាហរណកម្មចេញពីមណ្ឌលចំនួន ២៣៩នាក់ ដោយពួកគេមានជំនាញ និងមានការងារធ្វើរស់នៅដោយខ្លួនឯង។

សព្វថ្ងៃកុមាររស់នៅក្នុងមណ្ឌលនេះ មានចំនួន៤៧នាក់ ស្រី១៧នាក់ ដោយពួកគេសិក្សានៅក្នុងថ្នាក់ចំណេះដឹងទូទៅ និងថ្នាក់ជំនាញវិជ្ជាជីវៈ ក្រោមប្រភពថវិការដ្ឋ តាមរយៈរដ្ឋបាលខេត្ត អង្គការកុមារអាស៊ី ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា៕