(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ១៥៖០០នាទីរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីនេប៉ាល់ គឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីអញ្ជើញមដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃដដែលនេះ សាម៉ា អូលី នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
បន្ទាប់មកលោកនាយករដ្ឋមន្ត្រីនេប៉ាល់ នឹងអញ្ជើញទៅកាន់វិមានសន្តិភាព ទីដែលសម្តេចតេជោ ហ៊ុន សែន ធ្វើពិធីបដិសណ្ឋារកិច្ច និងទទួលជាផ្លូវការចំពោះដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗមួយចំនួនហើយនោះ នៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីលាងសាយភោជន៍ជូនលោកនាយករដ្ឋមន្ត្រីនេប៉ាល់ និងគណៈប្រតិភូផងដែរ។
នៅទី១៤ ខែឧសភា លោក សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ប្រមុខដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនេប៉ាល ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងប្រវត្តិសាស្ត្រ និងទីកន្លែងសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។
ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មិនសូវជាមានការផ្លាស់ប្តូរទស្សនកិច្ចនឹងគ្នាតិចតួចបំផុត។ កាលពីខែធ្នូ ឆ្នាំ២០១០ លោក Madhav Kumar Nepal នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី៦ នៃសន្និបាតអន្តរជាតិរបស់គណបក្សនយោបាយតំបន់អាស៊ី នៅទីក្រុងភ្នំពេញ។
នៅខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅនេប៉ាល់។
ពាក់ព័ន្ធផ្នែកវប្បធម៌វិញ រដ្ឋាភិបាលនេប៉ាល់ ដែលជាទឹកដីកំណើតរបស់ព្រះសម្មាសម្ពុទ្ធនោះ បានអនុញ្ញាតឱ្យខ្មែរសង់វត្តមួយឈ្មោះ «លម្ពិនី» កាលពីឆ្នាំ២០០៦ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តខ្មែរលម្ពិនីនេះ។
សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានចំនួនតិចតួចនៅឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល ៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅនេប៉ាល់មានជាង ១២ម៉ឺនដុល្លារ ហើយកម្ពុជា នាំចូលពីនេប៉ាល់មកវិញ មានជាង ៤ម៉ឺនដុល្លារ។ ទំនិញដែលដោះដូរជាមួយគ្នាភាគច្រើនជាសម្លៀកបំពាក់ និងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់។
សូមបញ្ជាក់ដែរថា នេប៉ាល់មានផ្ទៃក្រឡាទំហំ ១៤៧,១៨១គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា និងប្រទេសចិន និងមានប្រជាជនរស់នៅ ស រុបជាង ២៩លាននាក់ ក្នុងនោះប្រជាជនកាន់សាសនាហិណ្ឌូ មានជាង ៨១ភាគរយ ព្រះពុទ្ធ ៩ភាគរយ ម៉ូស្លីមជាង ៤ភាគរយ និងសាសនាដទៃមានជាង ៥ភាគរយ៕