(ភ្នំពេញ)៖ ម៉ាកហាងកាហ្វេ TUBE CAFE ដែលបង្កើតដោយកូនខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រជាច្រើន ពីប្រជាជនកម្ពុជា ដោយមកទល់ពេលនេះ មានសាខាចំនួន៦ ក្នុងរាជធានីភ្នំពេញ និងគ្រោងពង្រីកសាខាឲ្យបានចំនួន៣០ និងតាមបណ្ដាខេត្តនានា ខណៈម្ចាស់ហាងកាហ្វេឈ្មោះ TUBE CAFE គ្រោងនឹងនាំយកឈ្មោះ (ប្រេន) ចូលទៅកាន់ទីផ្សារបរទេសវិញទៀតផង។
ដោយមានការទទួលគាំទ្រជាច្រើន ពីយុវជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ហាងកាហ្វេ TUBE CAFE បានបើកដំណើរការជាផ្លូវការ សាខាទី៦ ដែលមានទីតាំងនៅលើដងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមការលើកឡើង របស់កញ្ញា ស៊ូ មុន្នីពេជ្រ ម្ចាស់ម៉ាកកាហ្វេ TUBE បានបញ្ជាក់ថា សព្វថ្ងៃហាងកាហ្វេ ទទួលបានការគាំទ្រខ្លាំង ទោះបីមានការប្រកួតប្រជែងជាមួយម៉ាកកាហ្វេ ពីបរទេសជាច្រើន ក្នុងរាជធានីភ្នំពេញក្ដី។ កញ្ញាបន្តថា មូលហេតុដែលធ្វើឲ្យកាហ្វេ TUBE អាចប្រកួតប្រជែង ជាមួយម៉ាកកាហ្វេពីបរទេស ព្រោះមកពីគុណភាពមានរសជាតិឆ្ងាញ់ មានអនាម័យខ្ពស់ មានការវេចខ្ចប់ត្រឹមត្រូវ ថែមទាំងតម្លៃសមរម្យ ពុំថ្លៃដូចម៉ាកកាហ្វេមកពីបរទេសនោះទេ។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបញ្ជាក់បន្ថែមថា សម្រាប់គ្រឿងផ្សំ ប្រមាណ៨០ភាគរយ គឺជារបស់ខ្មែរ និងប្រើប្រាស់គ្រឿងផ្សំពីបរទេសតិចបំផុត ជាពិសេសកាហ្វេ TUBE ក៏មានកាហ្វេប្រចាំហាង ឈ្មោះថា កាហ្វេថ្នល់ ដែលកំពុងមានការគាំទ្រខ្លាំង ពីអតិថិជន។ ជាពិសេសកញ្ញាគ្រោងនឹងនាំយកឈ្មោះ (ប្រេន) TUBE CAFE ចូលទៅកាន់ទីផ្សារបរទេសវិញ ព្រោះកូនខ្មែរក៏មានអ្វីថ្មី និងប្លែក ដើម្បីបង្ហាញដល់អន្តរជាតិឲ្យបានស្គាល់ផងដែរ។
ដោយឡែក កញ្ញា តាំង លក្ខិណា ដែលជាម្ចាស់សាខា មួយរូប នៃហាងកាហ្វេ TUBE CAFE ក៏បានបញ្ជាក់ថា មូលហេតុជ្រើសរើសយកកាហ្វេ TUBE ព្រោះចង់លើកស្ទួយ នូវអ្វីដែលជារបស់កម្ពុជា ស្របពេលដែលគុណភាពកាហ្វេ ក៏មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យអាចទទួលយកបាន សម្រាប់សិស្សនិស្សិត ក៏ដូចជាមនុស្សគ្រប់កម្រិតជីវភាព។
គួរសបញ្ជាក់ថា ហាងកាហ្វេ TUBE CAFE មកទល់ពេលនេះ មាន៦សាខា រួមមាន សាខាមុខក្ដាន់២ ផ្លូវសហព័ន្ធរុស្ស៊ី, សាខាផ្សារអ៊ីអន២, សាខាសួនកាណាឌីយ៉ា, សាខាជ្រោយចង្វារ, សាខាបឹងកេងកង និងសាខាទី៦ គឺនៅផ្លូវកម្ពុជាក្រោម៕