(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើសន្និបាទបូកសរុបការងារអាណត្តិទី៤ និងរៀបចំការងារបន្តសម្រាប់អាណត្តិទី៥។ កិច្ចប្រជុំនេះ រៀបចំនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

នៅក្នុងពិធីនោះ ក៏មានការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយជ្រើសរើសប្រធាន-អនុប្រធាន និងសមាជិកសម្រាប់អាណត្តិទី៥។

ក្នុងនោះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ទទួលបានសំឡេងគាំទ្រ ជាប់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៥។ ការបោះឆ្នោតអាណត្តិទី៥នេះ អមដោយអនុប្រធាន សមាជិក និងសមាជិកបម្រុង (សរុបចំនួន១៥រូប)។

បន្ថែមលើនេះ ក៏មានការប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់អាណត្តិទី៥នេះ ក្នុងនោះលោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា ទទួលជាប្រធានកិត្តិយស អមដោយអនុប្រធានកិត្តិយសសរុបចំនួន២៩រូប៕