(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារ ចុះសវនកម្មសម្រាប់២០១៨ និងការពង្រឹងកម្លាំងក្នុងផែនការ ការពារដំណាក់កាលឃោសនាបោះឆ្នោត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរងគ្រប់រូប លោកអនុប្រធានផែនជំនាញគ្រប់រូប លោក លោកស្រីនាយ នាយរងការិយាល័យជំនាញគ្រប់រូប លោកនាយផ្នែកនគរបាលបេតិកភ័ណ្ឌ លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលទាំង១០៩ សរុបចំនួន៣៣៩នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដើម្បីពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋានទូទាំងប្រទេស និងសេចក្តីជូនដំណឹងរបស់អគ្គនាយនាយដ្ឋានសវនកម្ម ស្តីអំពីចុះការិយបរិច្ឆេទ នៃការធ្វើសវនកម្ម។
ជាចុងក្រោយលោកស្នងការ បានធ្វើការណែនាំ ឲ្យលោក លោកស្រីស្នងការរងគ្រប់ផែនជំនាញ លោកអធិការស្រុក ក្រុងទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារជំនាញ ពិសេសការងារសន្តិសុខ ធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នាពេលខាងមុខនេះឲ្យបានល្អប្រសើរ៕