(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន កម្រិតខ្ពស់ថ្នាក់តំបន់ និងអាស៊ាន សម្រាប់គ្រូបង្គោលប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពជំនាញបោសសំអាតមីន EOD, IED and CIED និងចែករំលែកបទពិសោធន៌ រវាងអ្នកជំនាញបច្ចេកទេសដោះមីន ក្នុងតំបន់ និងពិភពលោក។ ពិធីនេះ បានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលរក្សាសន្តិភាព ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ។
វគ្គហ្វឹកហ្វឺន មានរយៈពេល២១ថ្ងៃ និងសិក្ខាកាមមកពី ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ានម៉ា ថៃ និងប្រទសវៀតណាម ដោយមានការគាំទ្រ និងកិច្ចសហការពីស្ថានទូតបារាំង អាជ្ញាធរមីន អង្គការ UNDP ARMAC និងប្រទេសជាមិត្តមួយចំនួន។
ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតំលៃខ្ពស់ចំពោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយក នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ក្រសួងការពារជាតិ ដែលតែងតែរៀបចំឲ្យមានការហ្វឹកហ្វឺនជំនាញបច្ចេកទេស ដល់នាយទាហាន ពលទាហានកម្ពុជា និងបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «កម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការងារបោសសម្អាតមីន និងកិច្ចការរក្សាសន្តិភាព ហើយថែមទាំងបានចែកបទពិសោធន៍ទាំងនោះ ជូនបណ្តាប្រទេសមួយចំនួន នៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ។ កម្ពុជា ជាប្រទេសតូច និងក្រីក្រមែន ប៉ុន្តែការស្រឡាញ់សុខសន្តិភាព មានទំហំធំធេងណាស់»។
លោកថា រយៈពេល១៣ឆ្នាំកន្លងទៅនេះ នាយទាហាន និងពលទាហាន សរុប៦,០៥៣នាក់ ក្នុងនោះស្រ្តី២៩៥នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិប្រកប ដោយជោគជ័យចំនួន១០បេសកកម្ម និង៨ប្រទេស រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អហ្រិ្វកកណ្តាល លីបង់ ស៊ីប្រឹស ស៊ីរី និងមាលី។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ កងទ័ពយើងចំនួន៧៩៧នាក់ ស្រ្តី៥៤នាក់ បានបំពេញសកម្មភាពនៅប្រទេសចំនួន៥ប្រទេស រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាល និងលីបង់ ក្នុងនោះ ការបោសសម្អាតមីន ការរុករកនិងការកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាផ្នែកសំខាន់មួយផងដែរ៕