(ភ្នំពេញ)៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសធ្ងន់ ១០នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ៣គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធុងធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៣១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥៨នាក់ របួសធ្ងន់ ១១៧នាក់ និងរបួសស្រាល ៥៦នាក់៕