(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញមកប្រកាសថា ខ្លួនកំពុងតាមដាន និងយកចិត្តទុកដាក់ខ្ពស់ទៅក្រុមជនជាតិចិនមួយក្រុម ដែលបានប្រកាសតាមវីដេអូឃ្លីបប៉ុនប៉ងបង្កអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។ ស្ថានទូតចិន បានអះអាងទៀតថា ខ្លួនបានជួយសម្របសម្រួលដល់កម្លាំងសមត្ថកិច្ចរបស់ចិន សហការជាមួយកម្ពុជា តាមស្វែងរកការពិតលើករណីនេះផងដែរ។
ស្ថានទូតចិនបានប្រកាសនៅលើ Facebook នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា «ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដេីម្បីបេីកការស៊េីបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ។ ជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ វីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពក្រុមជនប្រកាសបង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងវីដេអូក្រុមជនជាតិចិនមួយក្រុមនេះ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរ គឺវឹកវរ, ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព។
វីដេអូឃ្លីបមួយនេះ នាំឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងចែកចាយបន្តយ៉ាងផុលផុស។ ក្រោយវីដេអូនេះបែកធ្លាយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឱ្យតាមវែកមុខជនជាតិចិនមួយក្រុមនេះភ្លាមៗផងដែរ។
ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា កម្លាំងនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញដទៃទៀត កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត និងវែករកមុខក្រុមជនជាតិចិនមួយក្រុមនេះ៕