(កណ្តាល)៖ គណកម្មការអាចារ្យវត្ត និងព្រះសង្ឃគង់ នៅវត្តត្រពាំងឈូក វត្តព្រែកតូច និងវត្តភ្នំធន់មន្ត ក្នុងស្រុកស្អាង ខេត្តកណ្ដាល កំពុងមានការខ្វះខាត ពេលដំណើរការសាងសង់សំណង់អគារសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានគៀងគរសប្បុរសជននានា នៅក្នុងមូលដ្ឋានរបស់លោក ឲ្យចូលរួមជួយឧបត្ថម្ភជាថវិកា និងសម្ភារទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយសប្បុរជនបានចូលរួមយ៉ាងសស្រាកសស្រាំ បានស៊ីម៉ង់ត៍ចំនួន១៥តោន នាំយកទៅប្រគេនជូនព្រះសង្ឃគង់ នៅវត្តនៅវត្តនីមួយៗ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

លោក សេង សុជាតិ បានឲ្យដឹងថា វត្តដែលលោកនាំយកស៊ីម៉ង់ត៍ ទៅប្រគេចជូនព្រះសង្ឃនោះ មានវត្តចំនួន៣ ទី១៖វត្តត្រពាំងឈូក, ទី២៖វត្តព្រែកតូច និងទី៣៖វត្តភ្នំធន់មន្ត ដោយក្នុងមួយវត្តលោកប្រគេនជូនស៊ីម៉ង់ត៍ចំនួន៥តោន និងឧបត្ថម្ភជូនយាយជីតាជី នៅក្នុងវត្តដោយសរុបអស់ចំនួន១លានរៀលផងដែរ។

លោកបានបន្តថា ស៊ីម៉ង់ត៍ទាំងអស់ គឺលោកបានមកពីសប្បុរសជននានា នៅក្នុងឃុំត្រើយស្លា ឃុំព្រែកគយ ឃុំស្វាយប្រទាល ឃុំសត្បូត៍ និងសប្បុរសជន នៅស្រុកកោះធំ មួយចំនួនផងដែរ ។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណម្ចាស់អំណោយទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភ ដល់ព្រះសង្ឃកំពុងខ្វះខាតតាមរយៈលោក និងសូមឲ្យលោកអ្នកទាំងអស់ទទួលបាននូវកុសលផលបុណ្យ និងមានសេចក្តីសុខ ក្នុងក្រុមគ្រួសាររកស៊ីទទួលទានមានបាន។

ព្រមពេលជាមួយគ្នានេះ ព្រះចៅអធិកាវត្តត្រពាំងឈូក វត្តព្រែកគយ និងវត្តភ្នំធន់មន្ត បានថ្លែងអំណរគុណដល់លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរតែងតែជួយឧបត្ថម្ភដល់វត្តព្រះអង្គជាបន្តបន្ទាប់ ជាក់ស្តែងនាពេលនេះព្រះសង្ឃ កំពុងត្រូវការស៊ីម៉ង់ត៍ចាំបាច់សម្រាប់សាងសង់សំណង់អគារសាលា សម្រាប់ញាតិញោម ពុទ្ធបរិស័ទមកគោរពបូជាព្រះធម៌ និងសូមឲ្យបារមីវត្តទាំងអស់ ជួយទ្រទ្រង់តាមបីបាច់ ថែរក្សាលោកឲ្យជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕