(កំពង់ធំ)៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីបើវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ពជូននាយទាហាន និងពលទាហានចំណុះឲ្យយោធភូមិភាគទី៤ ក្រោមអធិបតីភាពលោក ពៅ ហេង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងប្រតិភូអមដំណើរ រួមទាំងមេបញ្ជាការង និងនាយទាហានជាច្រើនរូប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីដំណើរការបើកវគ្គហ្វឹកហ្វឺន តាមផែនការរបស់បញ្ជាការដ្ឋាន កងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមផែនការថ្នាក់លើកំណត់ ដែលមានសិក្ខាមដាក់ចុះ១០០នាក់ បានរៀបចំហ្វឹកហាត់ដល់កងកម្លាំង ផ្នែកសឹករងស្រុកក្រុងទាំង៨ និងវរសេនាតូចទាំង២ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ព។
វគ្គហ្វឹកហ្វឺននេះ ដើម្បីបំពេញសមត្ថភាពបន្ថែម ដល់យោធិនឲ្យក្លាយទៅជា ឧបករណ៍ដ៏រ៉ឹងមាំ ក្នុងការចូលរួមរក្សាសន្តិសុខ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងប្រឆាំងដាច់ខាតចំពោះក្រុម ឬសកម្មភាពទាំងឡាយណាដែលមានចេតនា ប្រឆាំងមកលើរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា រយៈពេលហ្វឹកហ្វឺនមានចំនួន៤៥ថ្ងៃ ដែលបានចាប់ផ្តើមពី ថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សិក្ខាមចំនួន១០០នាក់ គណកម្មការគ្រប់គ្រងវគ្គ១៥នាក់ ក្រុមគ្រូយោធាចារ្យចំនួន១៨នាក់ ក្រុមបម្រើចំនួន៥នាក់ ក្នុងចម្ងាយយុទ្ធដំណើរ៣២គីឡូម៉ែត្រ ក្នុងតំបន់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានទទួលកញ្ចប់ថវិកាសម្រាប់បំប៉ន ពីសម្តេចតេជោ ហ៊ុន សែន ក្នុងមួយថ្ងៃ៣,០០០រៀល បន្ថែមលើហូបប្រចាំថ្ងៃដល់សិក្ខាម។
លោក ពៅ ហេង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បន្ទាប់ពីជំរាបជូនដល់ អង្គពិធីទាំងមូល ស្តីពីសភាពការនយោបាយក្នុងប្រទេស និងក្រៅប្រទេសរួចមក ក៏បានណែនាំផ្តាំផ្ញើ និងផ្តល់ឱវាទដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន នូវអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសារសំខាន់ៗជាច្រើនផងដែរ។
លើសពីនេះ លោក ពៅ ហេង បានធ្វើការកោតសរសើរ ចំពោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលមានស្នាដៃលេចធ្លោជាងគេបង្អស់ ក្នុងការដឹកនាំបញ្ជាដល់នាយទាហាន និងពលទាហាន រួមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ឲ្យទទួលបានវិន័យ និងសេចក្តីថ្លៃថ្នូរ ទាំងការកសាងបន្ទាយ និងការទំនាក់ទំនងល្អជាមួយជាតិអន្តរជាតិ ជាពិសេសគឺការងារ របស់អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ បានសាងសង់ផ្ទះ និងដោះស្រាយជូនដល់ អតីតយុទ្ធជនគ្រប់រូប ដែលជួបការលំបាក រួមទាំងការងារផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ នូវសកម្មភាពចុះជួយអតីតយុទ្ធជន ដ៏រស់រវើករបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាគំរូដ៏ល្អផងដែរ៕