(ត្បូងឃ្មុំ)៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់វាយ បានប្រហារផ្ទះប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានចំនួនរហូតដល់ទៅជិត៣០០ខ្នង។
ទិន្និន័យនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែល លោកស្រី ឡេង សុខា អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារយកអំណោយកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋរងគ្រោះភ្លាមៗ ចំនួន៨៧គ្រួសារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ កាកបាទក្រហមខេត្តត្បូងឃ្មុំ ក៏បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ រលំ និងរបើកដំបូលផ្ទះ ចំនួន៦៧គ្រួសារម្តងហើយ ដោយសរុបទាំង២លើក ក្នុងស្រុកពញាក្រែក មានប្រជាពលរដ្ឋរងគ្រោះទទួលបានអំណោយ១៥៤គ្រួសារ ខណៈទូទាំងខេត្តមានពលរដ្ឋរងគ្រោះប្រមាណជិត ៣០០គ្រួសារ ត្រឹមរយៈពេលតែ២ថ្ងៃនេះ។
លោកស្រី ឡេង សុខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ឡេង សុខា បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ សកម្មភាពនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕