(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹក នាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក សើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានចុះបិទអាជីវកម្មសិប្បកម្មកែច្នៃកម្ទេចកំណាត់មួយកន្លែងទៀត ដែលកំពុងដំណើរការគ្មានច្បាប់អនុញ្ញាត និងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថានផងដែរ។
ការចុះបិទនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩នេះ ហើយទីតាំងសិប្បកម្មកែច្នៃកម្ទេចកំណាត់ខាងលើ ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សិប្បកម្មកែច្នៃកម្ទេចកំណាត់ខាងលើនោះ មានម្ចាស់ឈ្មោះ ឆាយ យ៉ូវផាយ អាយុ៤៧ឆ្នាំ ជាជនជាតិចិន និងបានដំណើរការអាជីវកម្មនេះ ជាយូរមកហើយដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយការរកស៉ីនេះ គឺចាត់ទុកថាធ្វើឡើងដោយខុសច្បាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះអ្នករកស៉ីមួយនេះ បានចិត្តទុកអាជ្ញាធរដូចជាតិចម៉ងនឹកស្មានថា គ្មានអ្នកណាដឹង ទើបបើកអាជីវកម្មអត់ច្បាប់បែបនេះ ប៉ុន្តែទោះជាយ៉ាងណាមិនអាចលាក់បាំងបានឡើយ។
អាជ្ញាធរបានឲ្យដឹងបន្តថា ទីតាំងខាងលើនេះ មានការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ បង្កប៉ះពាល់ដែលមានក្លិនឈ្ងៀមដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន និងនៅក្បែរនោះ និងបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងផងដែរ។
កន្លងមកមន្ទីរបរិស្ថានរាជធានីភ្នំពេញ ធ្លាប់ចេញលិខិតផ្អាក និងពិន័យម្ដងរួចទៅហើយ ប៉ុន្តែម្ចាស់ទីតាំងខាងលើនោះមិនព្រមផ្អាក ទើបពេលនេះកម្លាំងបានចុះទៅបិទផ្អាកអាជីវកម្មនោះ ជាបណ្ដោះអាសន្នសិន។ មិនតែប៉ុណ្ណោះកម្លាំងបានដកហូតសម្ភារប្រើប្រាស់ របស់សិប្បកម្មនោះមួយចំនួនដូចជា រថយន្តមួយគ្រឿង កម្ទេចកំណាត់កែច្នៃរួចចំនួន ១០បាវ ស៊ុទិញកំណាត់មិនទាន់កែច្នៃចំនួន ២០បាវ និងជញ្ជីងថ្លឹងផងដែរ៕