(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមេខ្លោងជួញដូរចែកចាយចំនួន០២នាក់ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន១៣នាក់ (ស្រី០១នាក់) ដែលធ្វើសកម្មភាពជួញដូរចែកចាយ និងប្រើប្រាស់សារធាតុញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន។ សន្និសីទនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងថា អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជានិច្ចកាលបានយកចិត្តទុកដាក់ អនុវត្តន៍តាមគោលការណ៍ និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ហើយថ្នាក់ដឹកនាំតែងតែផ្តាំផ្ញើជំរុញឲ្យយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនជាការងាររួម។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មន្ត្រីនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរចែកចាយ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណីផ្ទួនៗគ្នា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៤០នាទី ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ មន្ត្រីនគរបាលជំនាញបានចុះបង្ក្រាបករណីជួញដូរថ្នាំញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់។ ក្នុងនោះឃាត់ខ្លួនមេខ្លោងជួញដូរចែកចាយបាន ០១នាក់ ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់០៣នាក់ ដកហូតវត្ថុតាងថ្នាំញៀន៖ ០៨កញ្ចប់តូច និង០១កញ្ចប់ធំ។
បន្ទាប់មកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ម៉ោង១៥៖០៥នាទី សមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញរបស់ខ្លួន បានចុះបង្ក្រាបករណីជួញដូរ០១ករណី ឃាត់ខ្លួនជនសង្ស័យបាន១១នាក់។ ក្នុងនោះ ឃាត់ខ្លួនមេខ្លោងមុខសញ្ញាជួញដូរចែកចាយម្នាក់ ឈ្មោះ វ៉ាន់ ឆេងប៉ាវ ភេទប្រុស នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់១០នាក់ (ស្រី០១នាក់) វត្ថុតាងញៀនចំនួន០១កញ្ចប់។
មេខ្លោង វ៉ាន់ ឆេងប៉ាវ ជាមុខសញ្ញាចាស់ ហើយមានល្បិចកលច្រើនប្រភេទ ដែលបានធ្វើសកម្មភាពចែកចាយដោយផ្ញើតាមរយៈម៉ូតូឌុប យកទៅឲ្យអ្នកប្រើប្រាស់បន្ត ព្រមទាំងប្រើប្រាស់ល្បិចកលលួងលោមអូសទាញក្មេងៗ ជាអនីតិជន ឲ្យយកថ្នាំញៀនទៅឲ្យអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដោយក្នុង ០១លើកមេខ្លោង វ៉ាន់ ឆេងប៉ាវ បានឲ្យកំរ៉ៃទៅក្មេងៗ ចាប់ពី ៥ពាន់រៀល ទៅ ១ម៉ឺនរៀល តាមថ្នាំញៀនតិចឬច្រើន។ ហើយពួកគេបានប្រមូលផ្ដុំគ្នាដើម្បីប្រើប្រាស់ និងមានការផ្លាស់ប្តូរទីតាំង និងពេលវេលាជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា បើត្រួតពិនិត្យតាមទិន្នន័យបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនិងទិន្នន័យក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ បទល្មើសគ្រឿងញៀនមានការថយចុះ។ យោងតាមការពិនិត្យវិភាគ តាមដានមុខសញ្ញានានា ជាពិសេសមុខសញ្ញាដែលមានល្បិចកលច្រើនប្រភេទ ដែលសមត្ថកិច្ចពុំបានបង្ក្រាបក្នុងឆ្នាំ២០១៨ ដូចជាមេខ្លោង វ៉ាន់ ឆេងប៉ាវ ត្រូវបានបង្ក្រាបក្នុងឆ្នាំ២០១៩នេះ អ្វីជាបទពិសោធន៍ និងប្រើប្រាស់វិធានការជំនាញ រួមផ្សំដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋល្អតាមមូលដ្ឋាន ទើបសមត្ថកិច្ចឈានទៅបង្ក្រាបករណីខាងលើបានជោគជ័យ។
លោកស្នងការនគរបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ និងទូទាំងប្រទេសកម្ពុជា សូមគិតថាបញ្ហាគ្រឿងញៀនជាការងាររួម ហើយបើឃើញមានសកម្មភាពជួញដូរចែកចាយ៕