(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើល ការសាងសង់ខឿនការពារច្រាំងទន្លេឡើងវិញ បន្ទាប់ពីច្រាំងទន្លេនេះ បានបាក់ស្រុតកាលពីរដូវទឹកជំនន់កន្លង ទៅស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងវិធានការការពារបន្ទាន់នារដូវប្រាំងនេះ ដើម្បីចៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ដ៏ទៃទៀតដូចជាសួនច្បារ ផ្លូវថ្នល់ និងអាគារជាដើម រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក គួច ចំរើន បានចាប់ផ្ដើមសាងសង់ខឿនការពារច្រាំងទន្លេនៅតំបន់នេះឡើងវិញ ដែលមានប្រវែងបណ្ដោយ ១៧០ម៉ែត្រ ជម្រាលចុះក្រោម ២១ម៉ែត្រ និងស្ដារចុងកោះដាច់ដើម្បីកាត់បន្ថយការដុះកោះបន្តចុះមកផ្នែកខាងក្រោម ដែលគ្រោងនឹងចំណាយថវិកាចំនួន ១,៦លានដុល្លារ ជាថវិការាជរដ្ឋាភិបាល។
លោកប្រធានមន្ទីរធនធានទឹក បានឲ្យដឹងផងដែរថា ការសាងសង់ខឿនការពារច្រាំងទន្លេតំបន់នេះ ត្រូវធ្វើថ្មី។ បើតាមផែនការត្រូវធ្វើឲ្យរួចរាល់មុនរដូវទឹកឡើង៕