(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយភូមិឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុញ្ញខេត្តនារាម ហៅវត្តអន្លង់តាម៉ុក ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែឧសភា សម្តេចក្រឡាហោម ស ខេង បានបង្គាប់ដល់នគបាល អាជ្ញាធរមូលដ្ឋាន គណៈពង្រឹងឃុំ ធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋឲ្យដឹងច្បាស់លាស់។
សម្តេចក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសនគរបាល កងរាជអាវុធហត្ថទាំងអស់ រដ្ឋបាលឃុំ ស្រុក ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីគោល នយោបាយភូមិឃុំមានសុវត្ថិភាពមានប៉ុន្មានចំណុច ដើម្បីរួមគ្នាទប់ស្កាត់អំពើ ផ្សេងៗដែល បម្រុងនឹងកើតមានក្នុងមូលដ្ឋាន។
សម្តេចបញ្ជាក់ថា៖ «បើត្រូវការបោះពុម្ភចែកបោះទៅ ចែកឲ្យដល់ផ្ទះរបស់គាត់។ យើងពឹងសមត្ថកិច្ចយើងវាមួយផ្នែកក៏ប៉ុន្តែ យើងគ្មានកម្លាំងសមត្ថកិច្ចនគបាល ឬរាជអាវុធហត្ថរាយគ្រប់កន្លែងគ្រប់ភូមិនោះទេ»។
សម្តេចក៏បានលើកឡើងថា សូមឲ្យការពារកុំគ្រឿងញៀនវាយលុក នៅក្នុងតំបន់របស់យើង ព្រោះថាបើគ្រឿងញៀន វាយលុកនោះ វានឹងធ្វើឲ្យធនធានមនុស្សសំខាន់ យុវវ័យត្រូវខូចខាត់ ដោយសាធាតុញៀននឹងបំផ្លាញប្រព័ន្ធសរសៃប្រាសាទ។ បើកាលណាគ្រឿងញៀនចូលក្នុងខ្លួនហើយ បុគ្គលនោះគ្មានអនាគតទៀតទេ ហើយមិនត្រឹម តែប៉ុណ្ណឹងទេ វាប៉ះពាល់ដល់សង្គម ដោយសារគ្រឿងញៀន មិនអាចបន្សាបបានទាំងស្រុង នោះទេ។
សម្តេចបញ្ជាក់ថា៖ «គ្រឿងញៀនបើដាក់ទៅវាគ្មានបន្សាបទេ អីញ្ចឹងហើយកុំឲ្យវារាល ដាលមកដល់តំបន់ជនបទ ជាពិសេសនោះនៅតាមសាលារៀនកុំឲ្យមានបញ្ហាគ្រៀងញៀន»៕