(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យដាំបន្លែបង្ការនៅជុំវិញផ្ទះរបស់ខ្លួនទុកសម្រាប់ទទួលទាន ខណៈបច្ចុប្បន្នគេមើលឃើញថាប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំបន្លែបង្ការជុំវិញផ្ទះនោះទេទុកឱ្យដីដែលមានទំហំធំទំនេរចោល។
ជាមួយការបង្ហាញរូបភាពមួយសន្លឹកជាមួយឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងចម្កាបន្លែនៅជុំវិញផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះនោះ មិនមែនសម្រាប់ជាការលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដាំដុះបន្លែបង្ការនៅជុំវិញផ្ទះផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្ការសម្រាប់ទទួលទាន ជុំវិញផ្ទះ ព្រោះជីជាតិដីប្រទេសយើង គឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម»។
សម្តេចតេជោ ក៏បានឆ្លៀតដាស់ស្មារតីរបស់ប្រជាពលរដ្ឋដែរថា ការដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។
ទន្ទឹមការលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនេះ គេក៏សង្កេតឃើញដែរថា បច្ចុប្បន្នប្រជាពលរដ្ឋនៅតាមទីជនបទភាគច្រើនមានផ្ទៃដីធំៗនៅជុំវិញលំនៅឋានរបស់ពួកគេ។ តែពួកគេមិនសូវនិយមដាំដំណាំបន្លែបង្ការនៅជុំវិញផ្ទះសម្រាប់ទុកទទួលទាននោះឡើយដោយទុកឱ្យដីទាំងនោះទំនេរចោល។ អ្នកខ្លះលើកឡើងថា បន្លែបង្ការបច្ចុប្បន្នមានតម្លៃថោកងាយស្រួលទិញមកទទួលទាន ទើបពួកគេមិនសូវជារវីរវល់ជាមួយការដាំបន្លែនៅជុំវិញផ្ទះនេះ។
ការលើកទឹកចិត្តរបស់ប្រមុខរបស់រាជរដ្ឋាភិបាល មានសាធារណៈមតិមួយចំនួនបានបង្ហាញការគាំទ្រជាខ្លាំង ការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះសម្រាប់ទទួលទាននេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការចំណាយលើបន្លែបង្ការ ហើយក៏ជួយធានាដល់សុខភាពរបស់ពួកគេចៀសផុតពីការបរិភោគបន្លែបង្ការលក់លើទីផ្សារដែលមានសារធាតុគីមីផងដែរ៕