(ព្រះវិហារ)៖ បន្ទាប់ពីជម្នះរាល់ការលំបាក និងឧបសគ្គជាច្រើនជំពូកនោះ ទីបំផុតលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ដោយទឹកដោះគោស្រស់នឹងត្រូវបានផលិតឡើងជាលើកដំបូងក្នុង «ឧទ្យានជាតិ តេជោ សែន ឬស្សីត្រឹប» នៅខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ជាតិ និងបរទេសចាប់ពីខែកក្កដា ខាងមុខនេះទៅ។
មេគោផើមពូជហូឡង់ចំនួន ១០០ក្បាល ក្នុងចំណោម ៥០០ក្បាល នឹងនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ មកកាន់ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប» ហើយពីរខែក្រោយ មេគោទាំងនោះនឹងកើតកូនដោយអាចផលិតទឹកដោះបាន។
នៅក្នុងផ្នែកមួយនៃឧទ្យាននេះ រោង និងវាលចិញ្ចឹមគោ ព្រមទាំងវាលដាំស្មៅ ត្រូវបានរៀបចំឡើងតាមលក្ខណៈបច្ចេកទេស ដោយមានក្រុមជំនាញមកពីប្រទេសថៃមកជួយសម្រួល ខណៈអ្នកជំនាញជាយុវជនកម្ពុជាចំនួន ១០រូប ដែលបានសិក្សានៅប្រទេសថៃ ក៏បានបំពេញការងារនេះដែរ។
ម៉ាស៊ីនគាបយកទឹកដោះគោ ម៉ាស៊ីនច្រក និងរក្សាទុកត្រូវបាននាំមកពីប្រទេសជប៉ុន ដើម្បីផលិតទឹកដោះគោស្រស់ឲ្យមានអនាម័យ និងមានគុណភាពស្រមតាមលក្ខណៈបច្ចេកទេសចំណីអាហារ។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច បានឲ្យដឹងថា ក្រុមការងារ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប» កំពុងធ្វើកិច្ចការនេះយ៉ាងសកម្ម ដោយលោកអះអាងថា គោមួយក្បាលមានតម្លៃជាង ២,០០០ដុល្លារអាម៉េរិក។
លោកបណ្ឌិតបញ្ជាក់ថា នៅឆ្នាំ២០២០ គោសរុបចំនួន ៥០០ក្បាលនឹងមាននៅក្នុងឧទ្យាននេះ ហើយទឹកដោះគោនឹងត្រូវបានផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីយកទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ ពិសេសទេសចរណ៍នៅក្រុងសៀមរាប។
លោកបន្តថា នៅពេលទឹកដោះគោផលិតចេញពីឧទ្យាននេះហើយ នោះនឹងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីបរទេស ហើយក្រោយមកឧទ្យាននេះ ក៏នឹងបង្កើតធនាគារគោសម្រាប់កសិករ ពិសេសអ្នករស់នៅជុំវិញតំប់នោះ។
សូមបញ្ជាក់ថា នៅក្នុង «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប» ដែលមានទំហំ ១៤,៣៣៤ហិកតា ហើយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤ មានមជ្ឈមណ្ឌលស្រាវជ្រាវ តាមដាន អភិរក្សនិងអភិវឌ្ឍកសិកម្ម ព្រៃឈើនិងសត្វព្រៃ និងសត្វកម្រ ជីកស្រះស្តុកទឹកទុកឲ្យសត្វព្រៃផឹកផឹក ដាំដើមឈើ បង្កាត់ផ្កា រួមនិងការងារកសិកម្មមួយចំនួន បណ្តុះបណ្តាលរបៀបចិញ្ចឹមគោ ការគាបយក និងរក្សាទុកទឹកដោះ។
ឧទ្យាន ដែលស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ក្នុងស្រុកឆែប ខេត្ព្រះវិហារ នេះក៏មានអភិរក្សឡស្លដែកបែបបុរាណផងដែរ ព្រោះថា តំបន់នោះជាអតីតកន្លែងផលិត ដែកនាសម័យអង្គរ ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣។
សូមរម្លឹកថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនមួយរបស់ជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ ដាលាស់ ដែលជាអូរពីបុរាណកាល។
រាជបណ្ឌិត្យសភាកម្ពុជាកំពុងស្វះស្វែងរកជំនួយប្រមាណ ១០លានដុល្លារពីប្រទេសកូរ៉េខាងត្បូង ដើម្បីស្តារអូរបុរាណនេះឡើងវិញ សម្រាប់អភិរក្សសត្វព្រៃ និងសត្វកម្រ ព្រមទាំងសម្រាប់កសិកម្មរបស់កសិករនៅតំបន់ក្បែរឧទ្យាននោះ។
នៅក្នុងអនុស្សរណៈយោគយល់គ្នាមួយផ្សេងទៀតរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនមួយរបស់ជប៉ុនកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គឺរាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរមួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជាចង់រៀបចំនៅទីនោះឱ្យទៅជាដូហ្វីន។
ទន្ទឹមនឹងនោះ រាជបណ្ឌិត្យសភាកម្ពុជានឹងរកសត្វខ្លាដែលជិតផុតពូជ និងដំរីយកទៅអភិរក្សនៅក្នុងឧទ្យាននេះ ដើម្បីគ្រប់ជាតិសាសន៍បានមកទស្សនាសត្វកម្រស្ទើរតែផុតពូជ៕