(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចំណាយពេល៤ថ្ងៃក្នុងសប្តាហ៍កន្លងទៅនេះនៅក្នុងប្រទេសឥណ្ឌា ដើម្បីចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២០ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្រុង Cochin រដ្ឋ Kerala។
កិច្ចប្រជុំនេះដឹកនាំដោយលោក Pranab Kumar Das អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអគ្គនាយកគយនៃរដ្ឋបាលគយឥណ្ឌាដោយមានការចូលរួមពីសំណាក់អគ្គនាយកគយ និងគណៈប្រតិភូគយនៃបណ្តាប្រទេសជាសមាជិកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Kunio Mikuriya អគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក ផងដែរ ។
ក្នុងសុន្ទរកថាបើកសន្និសីទ លោក Pranab Kuma Das បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនយ៉ាងលឿននៃពាណិជ្ជកម្មអន្តរជាតិ បដិវត្តឧស្សាហកម្មទី៤ និងពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងបរិបទ សេដ្ឋកិច្ចឌីជីថល ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវរៀបចំយុទ្ធសាស្ត្រកំណែទម្រង់របស់ខ្លួនដែលផ្តោតសំខាន់លើផ្នែកសន្តិសុខ និងកិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។
លោកបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់បច្ចេកវិទ្យាក្នុងការសម្រួលនីតិវិធីគយនិងបានគូសបញ្ជាក់នូវផ្នែកសំខាន់ៗនៃការងារដែលបានគ្របដណ្តប់ក្រោមប្រធានបទរបស់ WCO សម្រាប់ឆ្នាំ ២០១៩ «ព្រំដែនវៃឆ្លាតសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូន»។
ទន្ទឹមនេះ លោកអគ្គលេខាធិការ Kunio Mikuriya ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមថ្មីៗរបស់អង្គការគយពិភពលោក ដោយរួម មានដូចជា៖ សន្តិសុខ និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយនិងសហប្រតិបត្តិការគយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនីតិវិធីគយ និងប្រតិបត្តិការគយ ជាពិសេសការប្រើប្រាស់ ទិន្នន័យធំ (Big Data) ប្រមូលទិន្នន័យ វិភាគទិន្នន័យ ការចែករំលែកផ្លាស់ប្តូរទិន្នន័យ។
អង្គសន្និសីទបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើការងារអាទិភាពមួយចំនួនរួមមាន៖ គោលនយោបាយ និងការផ្តួចផ្តើមរបស់អង្គការគយពិភពលោក; វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក, ការពិនិត្យកែសម្រួលកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ, សន្តិសុខ និងអនុលោមភាព, ក្របខ័ណ្ឌស្តង់ដារនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនរបស់ WCO និងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) ជាដើម ។
លោកបណ្ឌិត គុណ ញឹម ត្រូវបានអញ្ជើញធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនផងដែរ។
ពាក់ព័ន្ធនឹងវិស័យអាទិភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ ដោយបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងនីតិវិធីគយ ជាយុទ្ធសាស្រ្តស្នូលដើមជួយជ្រោមជ្រែងយុទ្ធសាស្ត្រចំនួន៤ទៀតរួមមាន៖ បង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល, ពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់, សហប្រតិបត្តិការគយ និងការអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទនេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយនៃប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនដូចជា ប្រទេសឥណ្ឌា, កូរ៉េ, ថៃជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគយ។
ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋបាលគយថៃ រដ្ឋបាលគយទាំងពីរបានពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជណាចក្រថៃ ឱ្យបានឆាប់រហ័ស និងឯកភាពចាប់ផ្ដើមពិភាក្សាដើម្បីរៀបចំនីតិវិធីគយក្នុងការត្រៀមអនុវត្តការត្រួតពិនិត្យទំនិញ និងអ្នកដំណើរដឹកជញ្ជូនតាមផ្លូវដែក និងការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង (Single stop inspection) នៅមាត់ច្រកព្រំដែនថ្មី ស្ទឹងបត់-ណងអៀន ដែលគ្រោងបើកដាក់ឲ្យដំណើរការនាពេលខាងមុខ៕