(ទីក្រុងស៊ីអាន, ខេត្តសានស៊ី)៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដោយមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចូលរួមពិព័រណ៍ The 4th Silk Road International Exposition & the Investment and Trade Forum for Cooperation between East and West China ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។
ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ គឺបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយបើកចំហរទីផ្សារ និងការត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ដើម្បីតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងបណ្តាប្រទេសក្នុងគន្លង «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់ប្រទេសចិន។
ថ្លែងក្នុងឱកាសនៃការបើកសម្ពោធពិព័រណ៍កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លោក យឹម ឆៃលី បានជម្រាបអ្នកចូលរួមប្រមាណ ៥០០នាក់ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» នឹងផ្តល់ឱកាសជួយជំរុញឲ្យប្រទេសទាំង២ កម្ពុជា-ចិន បន្តកិច្ចសហការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ដូចជា បច្ចេកវិទ្យា កសិកម្ម ការធ្វើទំនើបកម្មផលិតកម្មកសិកម្ម និងជនបទ ការអភិវឌ្ឍវិស័យទេសចរណ៍ អប់រំ យុវជន កីឡា និងវប្បធម៌ជាដើម។ល។
សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសកិត្តិយសក្នុងពិព័រណ៍ផ្លូវសូត្រឆ្នាំ២០១៩ កម្ពុជា បានរៀបចំពន្លាជាតិមួយ ដែលតុបតែងលម្អតាមរចនាបទខ្មែរ សង់តាមលំនាំព្រះបរមរាជវាំង ដំបូលប្រក់ក្បឿងស្រកាលិញ និងផ្នែកខាងក្នុងមានតុសម្រាប់ដាក់ឯកសារផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ វប្បធម៌ និងផលិតផលខ្មែរ។ ជាមួយគ្នានេះ មានការរៀបចំស្តង់ពិព័រណ៍មួយចំនួនទៀត សម្រាប់ពាណិជ្ជករខ្មែរដាក់បង្ហាញផលិតផលរបស់ខ្លួនផងដែរ។
ផលិតផលដែលបានយកមកចូលរួមដាក់តាំងបង្ហាញជូនភ្ញៀវទស្សនារួមមាន ផលិតផលសក្កានុពលចម្រុះ ដូចជា អង្ករក្រអូប ផលិតផលផលិតពីម្សៅដំឡូងមី ម្រេច គ្រាប់ស្វាយចន្ទី សណ្តែក ស្ករត្នោត ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ផលិតផលផលិតពីសូត្រ សិប្បកម្មធ្វើពីផ្តៅ វត្ថុអនុស្សាវរីយ៍ ឯកសារផ្សព្វផ្សាយពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ វប្បធម៌ គម្រោងវិនិយោគអចលទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដើម្បីជ្រៀតចូលទីផ្សារប្រទេសចិន ស្វែងរកដៃគូវិនិយោគលើគម្រោងវិនិយោគធំៗ ទាក់ទាញទេសចរណ៍ និងផ្សព្វផ្សាយពីវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។
ក្នុងឱកាសបំពេញបេសកកម្មលើទឹកដីខេត្តសានស៊ី គណៈប្រតិភូកម្ពុជា បានចូលរួមវេទិកានានា រួមមាន៖
- រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីជំនាញបានចូលរួមវេទិកាតុមូលស្តីពីការងារជំរុញពាណិជ្ជកម្ម។
- រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យឯកឧត្តមលេខាបក្សខេត្ត និងឯកឧត្តមអភិបាលខេត្តសានស៊ី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
- ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រ។
- រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កម្ពុជា បានរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដាច់ដោយឡែកក្នុងគោលបំណងទាក់ទាញវិនិយោគិនចិន ឲ្យចូលមកវិនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា។ វេទិកានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្នុងអំឡុងពេលនៃការចូលរួមពិព័រណ៍នេះ កម្ពុជាបាននាំយកក្រុមសិល្បករ សិល្បការិនី ចូលរួមសម្តែងរួមគ្នាជាមួយសិល្បករ សិល្បការិនីរបស់ប្រទេសចិន និងប្រទេសរុស្ស៉ីចំនួន២រាត្រីជាប់គ្នា ព្រមទាំងសម្តែងជាប្រចាំនៅពន្លាជាតិកម្ពុជាយើង ជូនមហាជនទស្សនា ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា លើឆាកអន្តរជាតិ។
សូមជម្រាបផងដែរថា ពិព័រណ៍ The 4th Silk Road International Exposition & the Investment and Trade Forum for Cooperation between East and West China គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខេត្តសានស៊ី រៀបចំឡើងតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងមានប្រទេសចំនួន ៦៨ប្រទេសចូលរួម។
ក្នុងរយៈពេល៤ឆ្នាំនេះ ព្រឹត្តិការណ៍ដ៏ធំនេះ បានក្លាយជាវេទិកាមួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕