(ភ្នំពេញ)៖ លោក អ៉ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងឱ្យលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញចូលរួមកិច្ចប្រជុំវេទិកាច្បាប់អន្តរជាតិលើកទី៩ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្សី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៧ ខែឧសភា ឆ្នាំ២០១៩។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Valery Zorkin ប្រធានតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៉ី។
ក្នុងវេទិកាច្បាប់អន្តរជាតិនេះ មានការចូលរួមពីសំណាក់តុលាការធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញនៃបណ្តាប្រទេសចំនួន៩១ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធទៅនឹងច្បាប់រដ្ឋធម្មនុញ្ញព្រមទាំងពិភាក្សាលើច្បាប់ផ្សេងៗទៀតសរុបចំនួន១៥០ប្រធានបទ។
លោក អ៉ឹម សួស្តី នឹងឡើងថ្លែងចែករំលែកបទពិសោធន៍គោលសំខាន់ៗនៃច្បាប់រដ្ឋធម្មនុញ្ញរបស់រកម្ពុជា និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
សូមបញ្ជាក់ផងដែរថា វេទិកាច្បាប់អន្តរជាតិនេះប្រព្រឹត្តធ្វើឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៉ី ហើយនេះជាលើកទី២ហើយ ដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ទទួលបានការអញ្ជើញចូលរួមពីប្រធានតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្សី ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាពិសេសទំនាក់ទំនងល្អរវាងតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៉ី និងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក អ៉ឹម ឈុនលឹម៕