(បាត់ដំបង)៖ រដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺ និងច្រានចោលការចោទប្រកាន់ តាមរយៈបណ្ដាញសង្គម Facebook ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត ចំពោះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងលោក សង ថន នៅចំណុចភ្នំស្ន ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។
សេចក្ដីបំភ្លឺដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា កន្លងមកនេះរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក បានខិតខំប្រឹងប្រែងដោះស្រាយសម្របសម្រួល ដោយធ្វើជំរឿនអត្តសញ្ញាណកម្មមនុស្សដែលរស់នៅលើដីជាក់ស្ដែង តាមរយៈការបំពេញសលាកប័ត្រព័ត៌មាន ហើយបានធ្វើការសម្រង់អត្តសញ្ញាណកម្មដី ដោយធ្វើការចុះវាស់វែងនីលើក្បាលដីទំនាស់ជាក់ស្ដែងរួចរាល់ជាស្ថាពរ។
រដ្ឋបាលស្រុកបានចាត់ទុកថា ការផ្សព្វផ្សាយនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ថ្នាក់ដឹកនាំស្រុក ខេត្ត ជាពិសេសកងកម្លាំងសមត្ថកិច្ច និងមន្ដ្រីជំនាញ ដែលបានខិតខំយកចិត្តទុកដាក់ចុះដល់ទីតាំងដីទំនាស់ជាក់ស្ដែង ដើម្បីវាស់វែងកំណត់អត្តសញ្ញាកម្មដីទំនាស់ រវាងប្រជាពលរដ្ឋ និងលោក សង ថន៕
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកគាស់ក្រឡ ដែលមានខ្លឹមសារទាំងស្រុង៖