(មណ្ឌលគិរី)៖ សមត្ថកិច្ចឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់ជនជាតិភ្នង កាលពីបុណ្យចូលឆ្នាំខ្មែរ ដែលអំពើឃាតកម្មនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅភូមក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានចម្ងាយពីទីរួមខេត្ត ប្រហែលជិត១០០គីឡូម៉ែត្រ។
បើតាមការបង្ហើបប្រាប់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីបាញ់សម្លាប់មនុស្សនៅស្រុកកែវសីមា កាលពីពេលកន្លងមក ត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗ ប៉ុន្តែសមត្ថកិច្ចហាក់មិនទាន់ទំលាយព័ត៌មាននេះទេ ដោយសារកំពុងបន្តនីតិវិធី។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ Fresh news ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យពិតជាឃាត់ខ្លួនបានពិតមែន តែពេលនេះការិយាល័យជំនាញនគរបាលខេត្តកំពុងនាំជនសង្ស័យទៅធ្វើត្រាប់។ លោកស្នងការពុំទាន់ប្រាប់ ពីអត្តសញ្ញាណជនសង្ស័យនោះទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងនាំយកជនសង្ស័យទៅធ្វើត្រាប់នៅទីតាំងកើតហេតុ។
កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ត្រូវនឹងថ្ងៃបុណ្យប្រពៃណី ចូលឆ្នាំខ្មែរថ្ងៃទី២ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ ករណីអំពើឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមួយ ដោយជនល្មើសបានបាញ់ប្រហារ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅលើផ្ទះខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨៖៥១នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចរយ៉ង ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។
បើតាមរបាយការណ៍ លោក កុយ ចំរើន នាយប៉ុស្តិ៍ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វមួយដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរអស់៣កំប៉ុង ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើលទូរស័ព្ទជាមួយកូន ស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំពោះចំនួន២គ្រាប់ ជនរងគ្រោះបានស្លាប់ភ្លាមនៅលើផ្ទះតែម្តង៕