(ភ្នំពេញ)៖ យោងតាមស្មារតីនៃក្រមព្រហ្មទណ្ឌ ទោសត្រូវបានគេសំដៅដល់ទណ្ឌកម្មមួយដែល ត្រូវបានប្រកាសដោយតុលាការសម្រាប់អនុវត្តចំពោះបុគ្គលណា ដែលបានប្រព្រឹត្តបទល្មើសដូចមានចែងនៅក្នុងច្បាប់ ហើយទោសត្រូវបានប្រកាសដោយឈរលើមូលដ្ឋានព្យសនកម្ម នៃបទល្មើសដែលបង្កឱ្យមានការខូចខាតដល់ជនរងគ្រោះ ។ តើក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា បានបែងចែកទោសជាប៉ុន្មានប្រភេទ?
ដូចនេះសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើងខ្ញុំ សូមលើកយកប្រធានបទស្ដីពី «ប្រភេទនៃទោសព្រហ្មទណ្ឌ!» មកធ្វើការបង្ហាញជូនសាធារណៈជនឱ្យបានជ្រាបដូចតទៅ៖
ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសត្រូវបានបែងចែកជា ០៣ (បី) ប្រភេទគឺ៖
* មូលទោស
* ទោសបន្ថែម
* ទោសជំនួស ។
១៖ អំពីមូលទោស អនុលោមតាមមាត្រា៤៣ នៃក្រមព្រហ្មទណ្ឌ មូលទោស រួមមានទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយការពិន័យត្រូវគិតជាប្រាក់រៀល ។ សូមបញ្ជាក់ផងដែលថា ប្រាក់ពិន័យដែលទទួលបាន ត្រូវបង់ចូលជាថវិការដ្ឋ ពោលប្រាក់ពិន័យនេះមិនមែនជា ប្រាក់សំណងរដ្ឋប្បវេណីដែល ភាគីបង្កបង់សងជម្ងឺចិត្ត ទៅជនរងគ្រោះទេ ។
ឧទាហរណ៍៖ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ការពិន័យបែបនេះហៅថាមូលទោស ។
២៖ ទោសបន្ថែម គឺជាទោសបន្ទាប់បន្សំដែល ចៅក្រមសម្រេចបន្ថែមក្នុងមូលទោស ហើយទាល់តែតុលាការសម្រេចថា បុគ្គលរូបណាមានមូលទោសហើយ ទើបតុលាការអាចសម្រេចដាក់ទោសបន្ថែម ពីលើមូលទោសនោះបាន លើសពីនេះទៅទៀត ទោសបន្ថែម បង្កើតឡើងក្នុងគោលបំណង ដើម្បីឱ្យការដាក់ទណ្ឌកម្មមាន ភាពសមស្របទៅនឹងអំពើល្មើសច្បាប់ ដែលបុគ្គលរូបនោះបានប្រព្រឹត្ត ឬធានាដល់ការអនុវត្តគោលការណ៍ ឯកត្តកម្មនៃទោស ។
ឧទាហរណ៍៖ លោក «ក» ជាគ្រូពេទ្យ ហើយលោក បានប្រព្រឹត្តខុសទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ដែលបណ្ដាលឱ្យអ្នកជំងឺរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ។ ដូចនេះយោងតាមមាត្រា៥៣ តុលាការអាចប្រកាសទោសបន្ថែម ដោយហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ ដែលបានប្រព្រឹត្តក្នុងពេលប្រកបវិជ្ជាជីវៈ ឬព្យួរអាជ្ញាប័ណ្ណរបស់គាត់ជាដើម។
៣៖ ទោសជំនួស ត្រូវបានបែងចែកជា ០២(ពីរ) គឺ៖ ទោសការងារសហគមន៍ និងទោសស្ដីបន្ទោស ហើយដើម្បីប្តូរមូលទោសមកជាទោសការងារសហគមន៍ និងទោសស្ដីបន្ទោសបាន លុះត្រាតែជនជាប់ចោទទទួលទោសដាក់ពន្ធនាគារ ដែលមានអតិបរិមាតិចជាង ឬស្មើនឹង ៣ (បី) ឆ្នាំ ទើបតុលាការអាចប្រកាសទោសការងារសហគមន៍ និងទោសជំនួសបាន។
ឧទាហរណ៍៖ បុគ្គល «ខ» បានប្រព្រឹត្តអំពើលួច។ យោងតាមខ្លឹមសារនៃមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។
ក៏ប៉ុន្តែ ដើម្បីជាការជំនួសនូវមូលទោស គឺទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ខាងលើ តុលាការអាចប្រកាសឱ្យបុគ្គល «ខ» ធ្វើការងារសហគមន៍ចំនួន ១០០ (មួយរយ) ម៉ោង ដោយមិនទទួលបានប្រាក់កម្រៃមកវិញទេ។ ក្នុងករណីនេះបុគ្គល «ខ» នឹងមិនត្រូវទទួលរងទោសដាក់ពន្ធនាគារ ឬទោសពិន័យទេ គឺបុគ្គល «ខ» គ្រាន់តែធ្វើការងារសហគមន៍ជំនួសតែប៉ុណ្ណោះ។
សរុបមកវិញយោងតាមស្មារតីនៃក្រមព្រហ្មទណ្ឌ ដែលបានបែងចែកប្រភេទនៃទោសគឺ មានគោលដៅច្បាស់ លាស់ដើម្បីកំណត់ និងគិតគូរយ៉ាងល្អិតល្អន់អំពីព្យសនកម្ម ឬភាពធ្ងន់ធ្ងរដែលបណ្ដាលឱ្យប៉ះពាល់ ឬខូចប្រយោជន៍ដល់បុគ្គល និងសង្គមជាដើម។
លើសពីនេះទៅទៀត ទោសនីមួយៗបង្កើតឡើង ដើម្បីធានាដល់ការដាក់ទណ្ឌកម្មទៅលើ ជនល្មើសឲ្យបានសមស្រប ទៅបទល្មើសដែលបុគ្គលបានប្រព្រឹត្ត ។ ប៉ុន្តែការប្រកាសទោសទៅបានលុះត្រាតែ ជននោះបានប្រព្រឹត្តខុសទៅនឹងច្បាប់ដែលមានចែងជាធរមាន។
រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១២ ៥២០ ០៣៨, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕