(ភ្នំពេញ)៖ ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលសារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ « នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាលនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែបានយាងចុះសួរសុខទុក្ខ និងបានប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជគំរូដ៏ប្រសើរថ្លៃថ្លា ប្រកបដោយព្រះរាជគុណធម៌ មនុស្សធម៌ ប្រោសព្រះរាជូបត្ថម្ភថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្រ្តកម្ពុជា ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជបេសកកម្មឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ បន្តពី ព្រះករុណាសម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដើម្បីបូរណភាពទឹកដី ឯករាជ្យជាតិខ្មែរ។
ក្នុងទិវាដ៏មហាអភិរម្យមង្គលដ៏វិសេសថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះបារមីទេវតាថែរក្សា ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សាទេវី តាមជួយថែរក្សាការពារ អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ដ្រកម្ពុជាទូទាំងប្រទេស ជាដរាបតរៀងទៅ »។
សូមក្រាបបង្គំទូលថ្វាយនូវសារថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖