(ត្បូងឃ្មុំ)៖ បន្ទាប់ពីភ្លៀងធ្លាក់លាយលំខ្យល់កន្ត្រាក់ជាង១០ថ្ងៃកន្លងទៅ ចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ ២០១៩ បានធ្វើឱ្យប្រជាពលរដ្ឋសរុបប្រមាណជាង២០០គ្រួសារហើយ ក្នុងខេត្តត្បូងឃ្មុំ ទទួលរងផលប៉ះពាល់ដោយរលំផ្ទះ និងប៉ើងតំបូលផ្ទះ វត្តអារាម សាលារៀន ក៏ដូចជាផលដំណាំនានា របស់ប្រជាពលរដ្ឋត្រូវបាក់ខូចខាត ខ្ទេចខ្ទីផងដែរ។
ឆ្លើយតបនូវតម្រូវការរបស់ពលរដ្ឋ ភ្លាមៗសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិការ និងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ជូនពលរដ្ឋ ជាបន្តបន្ទាប់ ដោយឡែកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងលោកស្រី ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមទាំងសមាជិកកាកបាទក្រហមខេត្ត បាននាំយកថវិការ និងអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ៦៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិនេះ និង០៤គ្រួសារផ្សងទៀត ដែលមានជីវភាពទីទាល់ក្រ ក្នុងស្រុកពញាក្រែក ដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៌ ក៏ដូចជាស្របតាមពាក្យស្លោក របស់កាកបាទក្រហមកម្ពុជា «ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ»។
បើតាមលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា កាលពីថ្ងៃ១០ម្សិលមិញ ភ្លៀងបានបន្តធ្លាក់លាយលំជាមួយខ្យល់កន្ត្រាក់ បោកបក់មកលើភូមិស្រុកប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែក ធ្វើឱ្យផ្ទះពលរដ្ឋចំនួន ៦៣គ្រួសារ រងគ្រោះបន្ថែមទៀត ក្នុងនោះ ៥៦គ្រួសារខូចខាតប៉ើងដំបូលតិចតួច និង៩គ្រួសាររលំផ្ទះទាំងស្រុង។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោកអភិបាលខេត្ត បានថ្លែងថា អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះ ការបំរែបំរួលអាកាសធាតុ ថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឱ្យបានល្អ ពិសេសខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពសាងសង់ផ្ទះសម្បែងឡើងវិញផងដែរ។
លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឱ្យដឹងថា ចំពោះអំណោយដែលចែកជូនទាំង៦៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាតតិចតួចដោយខ្យល់កន្ត្រាក់ និងថវិកា២០ម៉ឺនរៀល សម្រាប់គ្រួសារ ដែលផ្ទះរលំ និង០៤គ្រួសារ មានជីវភាពទីទាល់ក្រលំបាក៕