(កំពង់ធំ)៖ អគារសិក្សាថ្មី១ខ្នងកម្ពស់២ជាន់ ក្នុងអនុវិទ្យាល័យក្រយាន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នឹងបើកឲ្យសិស្សចូលសិក្សានៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះហើយ។
អគារសិក្សា១ខ្នងកម្ពស់២ជាន់នឹង១២បន្ទប់នេះ ជាអំណោយសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក។
អគារសិក្សាថ្មីនេះត្រូវបានបញ្ចុះបឋមសិលាកសាងផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក ជា ចាន់តូ ហើយគិតមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះសម្រេចបាន៦០%។
អភិបាលរងស្រុកសន្ទុកឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨នេះ នៅទូទាំងស្រុកសន្ទុក មានអគារសិក្សាជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់តាមយៈលោក ជា ចាន់តូ និងស្រីមានចំនួន២៥ខ្នង ក្នុងនោះអគារសង់ពីថ្មមាន២២ខ្នង និងអគារសង់ពីឈើមានចំនួន៣ខ្នង។
លោកបន្ដថា ក្រៅពីនោះនៅបានជួយកសាងសមិទ្ធផលជាច្រើនដែលបម្រើ ដល់ការសិក្សារបស់សិស្សនុសិស្សថែមទៀតផង។
លោក ជា ចាន់តូ ឲ្យដឹងថា សមិទ្ធទាំងនេះជាការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបំណងបង្ខិតសាលារៀនឲ្យកាន់តែ ជិតបំផុតនឹងសិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសរៀនសូត្រដូចសិស្សទាំងផ្សេងៗទៀត។
លោក ជា ចាន់តូ ក៏បានស្នើឲ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឲ្យបានគង់វង្សព្រោះសុខសន្តិភាព ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេស និងនាំឲ្យរស់នៅសុខសាន្តដូចបច្ចុប្បន្ន។
លោកបន្ថែមថា អ្នកទាំងអស់គ្នាត្រូវចងចាំថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះសូមបន្ដគាំទ្រចំពោះ គោលនយោបាយរាជរដ្ឋាភិបាលបន្ដទៀត ដើម្បីការរីកចម្រើនសង្គមជាតិ និងការរស់នៅប្រកបដោយសេចក្ដីសុខសាន្ត៕