(មណ្ឌលគិរី)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរខួប លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាសប្បុរសបានចំនួន១០៦,១៥០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់កិច្ចការមនុស្សធម៌។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ជំនួយការផ្ទាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីសមាជិក-សមាជិកា គណៈកម្មាធិការសាខា និងសមាជិក-សមាជិកា សាខា-អនុសាខាកាកបាទក្រហម, ក្រុង, ស្រុក ព្រះសង្ឃ សិស្ស និស្សិត យុវជន ស្ម័គ្រចិត្ត កាកបាទក្រហម យុវជនកាយរិទ្ធ សប្បុរសជនជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ នៅសាខាកាកបាទក្រហម ខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនេះដែរ លោក ស្វាយ សំអ៊ាង បានអាននូវសេចក្ដីថ្លែងការណ៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១៩រួចមក។ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅនេះ ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាអន្តរជាតិ កាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរការយកចិត្តទុកដាក់ការព្រួយបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការឱ្យជួយសង្រ្គោះដោយគោរពតាមគោលការណ៍គ្រឹះទាំង៧រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។
លោក ស្វាយ សំអ៊ាង បានបន្តថា ការចូលរួមពីសំណាក់សមាជិក សមាជិកា សប្បុរសជន ពេលនេះគឺជាសក្ខីភាពបង្ហាញអំពីការគាំទ្រ យ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលមានតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព និងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍសហគមន៍។
ជាមួយគ្នានេះដែរ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ក៏បានថ្លែងអំណរគុណ កោតសរសើរ ចំពោះសប្បុរសជនដែលតែងបានចូលរួមផ្ដល់ការគាំទ្រ ទាំងស្មារតី សម្ភារ ថវិកាដល់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ងក៏បានអំពាវនាវសូមឱ្យបន្តការគាំទ្រនេះថែមទៀត ដើម្បីការធានាបាននូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុ ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ប្រតិបត្តិការមនុស្សធម៌ឆ្លើយតប បានទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតដែលត្រូវការជំនួយជាចាំបាច់៕