(តាកែវ)៖ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ សោភ័ន បានណែនាំដល់សមាជិកគណបក្សនៅថ្នាក់មូលដ្ឋាន ត្រូវបើកវេទិកាសាធារណៈ ដើម្បីធ្វើយ៉ាងណាពន្យល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រួតជ្រាបពីគ្រោះថ្នាក់ នៃបដិវត្តន៍ពណ៌ ដែលក្រុមអតីតបក្សប្រឆាំងបានរៀបចំ ដើម្បីចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាកើតចេញការបោះឆ្នោត។
ការថ្លែងបែបនេះរបស់លោក ពេជ សោភ័ន បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុករបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
លោក ពេជ សោភ័ន បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យើងមិនបានរណប ឬធ្វើតាមបញ្ជារបស់ប្រទេសណា មួយទេពោល គឺកម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញ និងបានតំកល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាធំ។ ការប្រកាន់នូវគោលជំហរបែបនេះហើយ បានធ្វើឱ្យប្រទេសមហាអំណាចមួយចំនួន មិនពេញចិត្ត និងបានរៀបចំផែនការធ្វើបដិវត្តន៍ពណ៌ តាមរយៈអង្គការក្រៅរដ្ឋាភិបាល និងអ្នកនយោបាយខ្មែរមួយក្រុមដែលរណបបរទេស។
លោក ពេជ សោភ័ន បានបន្ថែមទៀតថា ក្រោយការរៀបចំបោះឆ្នោត នៅឆ្នាំ២០១៣ កន្លងមក មានការរៀបធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលមានឈ្មោះថា «ផ្កាឈូក» ដោយអតីតបក្សប្រឆាំងនៅកម្ពុជា បានអូសទាញយុវជនមួយចំនួន ឱ្យចូលរួមធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីទំលាក់រដ្ឋាភិបាលស្របច្បាប់ ដោយចោទប្រកាន់រដ្ឋាភិបាលថាពុករលួយ និងលួចបន្លំសន្លឹកឆ្នោត តែទោះបីជាយ៉ាងណាបដិវត្តន៍ពណ៌ផ្កាឈូកនេះ ដែលយកគម្រូតាមប្រទេសមួយចំនួននៅអឺរ៉ុប និងមជ្ឈឹមបូព៌ាត្រូវបានទទួលបរាជ័យទាំងស្រុង។
បើតាមលោក ពេជ សោភ័ន ការធ្វើបដិវត្តពណ៌ជាង២០ ប្រទេសកន្លងមក គ្មានប្រទេសណាមួយទទួលបានសេចក្ដីសុខនោះទេ ពោលគឺមានតែបង្ក ឱ្យប្រទេសទាំងអស់នោះខ្ទេចខ្ទី ដោយសារតែសង្រ្គាម ជីវិតពលរដ្ឋប្រទេសទាំងនោះ បាត់បង់អស់ជាច្រើន ជាពិសេសមនុស្សរាប់លាននាក់ ត្រូវក្លាយជាជនភៀសខ្លួន។ ដូច្នោះកម្ពុជាបច្ចុប្បន្នដែលកំពុងតែមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ជាពិសេសត្រូវទប់ស្កាត់ឱ្យបាន ចំពោះការធ្វើបដិវត្តន៏ពណ៌នៅកម្ពុជា៕