រថយន្ដដឹកទំនិញ បុករថយន្ដដឹកអ្នកដំណើរ នៅលើផ្លូវ៥១ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរបួសធ្ងន់ស្រាលជាង ១០នាក់
11-05-2019 16:12
(កំពង់ស្ពឺ)៖ នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដដឹកទំនិញ បុកជាមួយរថយន្ដដឹកអ្នកដំណើរ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ចំណុចរោងចក្រព្រៃឡ ភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់អធិការនគរបាលស្រុកឧដុង្គ បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន១០នាក់ រងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យដែលនៅក្បែរនោះ។
យ៉ាងណាក៏ដោយ អធិការនគរបាលស្រុកឧដុង្គរូបនេះ មិនទាន់អាចបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ គ្រាន់តែពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយបន្ដទៅតាមនីតិវិធី៕