(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្តហ្វូន បានប្រារព្ធពិធីប្រគល់រង្វាន់លុយសុទ្ធជាច្រើន និងទូរស័ព្ទដៃទំនើប iPhone XS ទៅកាន់អតិថិជន ដែលមានសំណាងពីកម្មវិធី បញ្ចូលលុយជាមួយកាតកោស ៥,០០០រៀលថ្មី ឈ្នះរាប់លានរង្វាន់ នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក ហឿង គុជច័ន្ទតារា អគ្គនាយករងផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនមិត្តហ្វូន បានថ្លែងឲ្យដឹងថា «ជាមួយនឹងគោលបំណងលើកស្ទួយប្រាក់រៀលខ្មែរ មិត្តហ្វូនបានបញ្ចេញលក់នូវកាតកោសតម្លៃ ៥០០០រៀលថ្មី ដែល អតិថិជនទាំងអស់ អាចស្វែងរក និងទិញបាននៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា លើសពីនេះ បញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៥០០០រៀលថ្មី នៅថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមិត្តហ្វូនផងដែរ»

លោកបានបន្តថា ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូន បានចេញលក់កាតកោស ៥,០០០រៀលថ្មី នៅលើទីផ្សារ ដែលកាតកោសនេះ មានភ្ជាប់នូវ CR Code ដែលជាបច្ចេកវិទ្យាថ្មី បញ្ចូលលុយបានយ៉ាងងាយស្រួល រហ័សនិងមិនបារម្ភពីការកោសកាតបាត់លេខ ឬខូចទៀតឡើយ។

ការប្រគល់រង្វាន់នេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនោះ លោក ឈួន ឆៃ រស់នៅខេត្តកំពត ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៥០០ដុល្លារ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនដែលឈ្នះរង្វាន់ពីកម្មវិធីអ្វីទេពីមុន ប៉ុន្តែពេលនេះខ្ញុំគ្រាន់តែបញ្ចូលកាតកោស៥,០០០រៀលថ្មី របស់មិត្តហ្វូន ឥឡូវឈ្នះ៥០០ដុល្លារយ៉ាងងាយស្រួល។ ហើយបើបងប្អូនចង់ឈ្នះដែរ កុំភ្លេចបញ្ចូលកាតកោស៥,០០០រៀលថ្មី ពីមិត្តហ្វូនចាប់ពីថ្ងៃនេះដែរទៅ»

អតិថិជនមានសំណាងម្នាក់ទៀត មកពីខេត្តកណ្តាល ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone XS ក៏បានបង្ហាញពីអារម្មណ៍រំភើបដូចគ្នាថា «ខ្ញុំបាទសឹងតែមិនជឿថារូបខ្ញុំ ឈ្នះរង្វាន់មួយនេះ ប៉ុន្តែវាពិតប្រាកដមែន ព្រោះពេលខ្ញុំទៅទិញកាតកោស៥,០០០រៀលថ្មី អ្នកលក់ប្រាប់ថា បញ្ចូលទៅហេងស៊យអាចឈ្នះ ឥឡូវឈ្នះមែន»

សូមបញ្ជាក់ផងដែរថា កាន់តែពិសេស អតិថិជនមិត្តហ្វូនទាំងអស់ បញ្ចូលលុយជាមួយកាតកោសតម្លៃ ៥០០០រៀលថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ រង្វាន់ប្រចាំខែជារៀងរាល់ខែ ទឹកប្រាក់ ១០០ដុល្លារ ៥រង្វាន់, ទឹកប្រាក់ ៥០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ និងរង្វាន់ធំចុងក្រោយទូរស័ព្ទដៃទំនើបម៉ាក iPhone XS ១រង្វាន់។ ការចាប់រង្វាន់នឹងធ្វើឡើង នៅរៀងរាល់ថ្ងៃសៅរ៍ នៃសប្តាហ៍ទី១ នៃខែឧសភា, មិថុនា និងកក្កដា ដោយមានការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនមិត្តហ្វូនផងដែរ៕