(កំពង់ធំ)៖ បន្ទាប់ពីទទួលបានអគារសិក្សាសិក្សាមួយខ្នងពីជំនួយសប្បុរសធម៌ តាមរយៈការសម្របសម្រួលពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈពង្រឹងចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ កូនចៅរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះ បានទទួលការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់លើជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំនាញកុំព្យូទ័រកម្រិតបឋម។
បន្ទាប់ពីឆ្លងកាត់ការបណ្ដុះបណ្ដាលនេះរួចមក សិស្សានុសិស្សចំនួន ២៨៥នាក់បន្ថែមទៀត បានទទួលនូវវិញ្ញាបនបត្រផ្ទាល់ដៃពីលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនោះមានផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៧៧នាក់ (សេវាកម្មបម្រើតុការ ពិធីការ និងបដិសណ្ឋារកិច្ច) និងជំនាញកុំព្យូទ័រចំនួន ២០៨នាក់។
ពិធីអបអរសាទរពិធីប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ តំណាងម្ចាស់ជំនួយ និងមាតាបិតាសិស្សជាច្រើរយនាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា សមិទ្ធផលនាថ្ងៃនេះ គឺកើតឡើងមិនមែនដោយចៃដន្យនោះឡើង វាគឺពិតជាកើតចេញពីការសហការ ការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងសម្រាប់ជាថ្នាលបណ្តុះបណ្តាល បំពាក់បំប៉នជំនាញដល់យុវជន សិស្សានុសិស្ស និងប្រជាជននៅក្នុងមូលដ្ឋានឱ្យទទួលបានជំនាញមួយជាក់លាក់សម្រាប់ប្រើប្រាស់ជាអាជីព ដែលអាចជួយសម្រួលដល់ជីវភាពរបស់ខ្លួននៅថ្ងៃអនាគត ជាពិសេសដើម្បីអភិវឌ្ឍន៍ខ្លួនជាធនធានមនុស្សមួយ ដែលប្រកបដោយសមត្ថភាព ជំនាញ និងឥរិយាបថល្អស្របតាមស្តង់ដា ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ។
លោកបានបន្តថា សមិទ្ធផលថ្មីៗមួយទៀត ដែលកើតចេញពីកិច្ចសហការភាពជាដៃគូ និងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមការកសាងធនធានមនុស្សនៅមូលដ្ឋាន និងចូលរួមកសាងសង្គមជាតិទាំងមូល។
លោកស្នើក្រុមការងារទាំងអស់ ដែលចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក និងនាយកដ្ឋានជំនាញរបស់ក្រសួងទេសចរណ៍ បន្តជួយគាំទ្រដល់ដំណើរការសាលានេះ ដើម្បីធានាឱ្យបានថាសាលានេះនឹងក្លាយជាសាលាស្តង់ដា និងជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគំរូ ដែលប្រើប្រាស់នូវឯកសារស្តង់ដា កម្មវិធីបណ្តុះបណ្តាល និងឧបករណ៍បណ្តុះបណ្តាលស្របតាមស្តង់ដាជាតិ តំបន់អាស៊ាន និងអន្តរជាតិ សម្រាប់ធ្វើការបណ្តុះបណ្តាលដល់យុវជន សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជំនាញ និងតម្រូវការទីផ្សារការងារនៅក្នុងមូលដ្ឋាន លោក ថោង ខុន បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសសាលា និងក្រុមហ៊ុនដែលជាដៃគូ បន្តជួយគាំទ្រដល់សាលានេះបន្តទៀត។
លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់យុវជន សិស្សានុសិស្ស និងបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យសេវាកម្មទាំងអស់នៅស្រុកបារាយណ៍ និងស្រុកតាំងគោក មកចុះឈ្មោះចូលរៀនសម្រាប់វគ្គបណ្តុះបណ្តាល ដែលសាលានឹងរៀបចំបើកនាពេលខាងមុខនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងពិតប្រាកដឱ្យបានគ្រប់ៗគ្នា ព្រោះថាជំនាញគឺជាជីវិតរបស់យើង នៅពេលដែលមានជំនាញ សិស្សានុសិស្សទាំងអស់នឹងមានការងារធ្វើដែលប្រាក់ខែសមរម្យ ដែលអាចជួយសម្រាលដល់ជីវភាពរបស់ក្រុមគ្រួសារ។
ក្នុងពិធីខាងលើនោះ ក៏មានការឧបត្ថម្ភសម្ភារកុំព្យូទ័រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ផងដែរ ក្នុងនោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានផ្តល់កុំព្យូទ័រចំនួន ៨គ្រឿង វិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ច EPI បានផ្តល់កុំព្យូទ័រចំនួន ៥គ្រឿង សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន ៥គ្រឿង និងវិទ្យាស្ថានលើទន្លេចំនួន ២គ្រឿង សរុបទាំងអសចំនួន២០គ្រឿងបន្ថែម។
ជាមួយគ្នានោះ លោក គីម ចន្ទតារា អ្នកផ្តល់សេវាអគ្គិសនី បានជួយឧបត្ថម្ភថាមពលអគិ្គសនី ២០០គីឡូវ៉ាត់ម៉ោង រៀងរាល់ខែ និងបន្ថែមដល់ ៣០០គីឡូវ៉ាត់ម៉ោង រៀងរាល់ខែបន្ថែមទៀត ចាប់ពីខែឧសភានេះទៅ។
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍នេះ ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុមន Phoenix voyage របស់បារាំង ក្នុងចំនួនទឹកប្រាក់ប្រមាណ ៦មុឺនដុល្លារ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់កូនចៅប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។ ចាប់ឆ្នាំ២០០៩មក សាលាតូចមួយនេះ បានបណ្តុះបណ្តាលសិស្សានុសិស្សជាង ១០០០នាក់ហើយ៕