(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។
បើតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កាលពីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ អនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃ សន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យ បោះឆ្នោត និងរាប់សន្លឹកឆ្នោតចំណុះរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ចប់ភារកិច្ច។
គ.ជ.ប បានបញ្ជាក់ថា ខ្នាត និងគំរូប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៌ទឹកប៊ិក ហើយមានដេរលិនជាយដោយអំបោះពណ៌ទឹកប៊ិក និងមានទ្រង់ទ្រាយ ដូចខាងក្រោម៖
* មានបណ្តោយប្រវែង ៥០សង់ទីម៉ែត្រ និងទទឹងប្រវែង ១២សង់ទីម៉ែត្រ
* មានរូបសញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងជារង្វង់មូល ដែលនៅចំពីក្រោមរូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស
* មានអក្សរ «សន្តិសុខ» និង «២០១៩» ពណ៌ស ស្ថិតនៅចំកណ្តាលផ្ទៃនៃប្រឡង់ដៃ
* ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាងបំពង់កាត់៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ គ.ជ.ប៖